ភ្នំពេញ៖ កម្មវិធីតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ ឬហៅជាភាសាអង់គ្លេស CamFood CamHotel and CamBuild ដែលបានបើកសម្ពោធជាផ្លូវការ ដើម្បីបង្ហាញពិព័រណ៍ជាលក្ខណៈ ប៊ីធូប៊ី (B2B) ធំជាងគេក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកទស្សនាជាង១ម៉ឺននាក់ក្នុងរយៈពេល ៣ថ្ងៃនេះ។
ព្រឹត្តិការណ៍ដ៏ធំនេះ បានសហការរៀបចំដោយក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាមួយអ្នកផ្គត់ផ្គង់ខាងវិស័យម្ហូបអាហារ សណ្ឋាគារ និងសំណង ទាំងក្នុងស្រុក និងអន្តរជាតិ ប្រមាណជាង ១៥០ ម៉ាក។
លោក Darren Siow គណៈកម្មាធិការរៀបចំការពិព័រណ៍នេះថ្លែងថា ក្រៅពីការតាំងពិព័រណ៍ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញពីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច និងធ្វើម្ហូបផ្សេងៗនៅកម្ពុជា ដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែងដណ្តើមពានរង្វាន់។
លោក ជា និមល អគ្គនាយករង នៃក្រុមហ៊ុនសាប៊ូក្លិន និងលោកស្រី រិន ណៃហួយ ប្រធានផ្នែកទីផ្សារក្រុមហ៊ុន បុងកាហ្វេ ខេមបូឌា ដែលបានចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ខ្នាតអន្តរជាតិនេះបានអំពាវនាវដល់សាធារណៈជន ជាពិសេសអ្នកដែលមានបំណងចង់បង្កើតអាជីវកម្ម ឬស្វែងរកដៃគូពាណិជ្ជកម្ម អាចចូលរួមស្វែងយល់ពីផលិតផល ក៏ដូចជាបច្ចេកវិទ្យាទំនើបៗតាមរយៈកម្មវិធីនេះ។
ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានអំពាវនាវវិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តកម្ពុជា ស្របទៅតាមដំណាក់កាលទី២នៃការជំរុញ និងស្តារឡើងវិញនៃវិស័យទេសចរណ៍នៃផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩៕អត្ថបទ ឈិត បូរ៉ាវី










