
អត្រាអតិផរណាប្រចាំឆ្នាំរបស់អាហ្សង់ទីន បានហក់ឡើងខ្ពស់រហូតដល់ ១២៤,៤ភាគរយកាលពីខែសីហាកន្លងទៅ និងជាការហក់ឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៩១រហូតមក ធ្វើឲ្យកើតមានវិបត្តិការចំណាយថ្លៃរស់នៅដ៏ឈឺចាប់មួយនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
ការចំណាយថ្លៃរស់នៅហក់ឡើងខ្ពស់ដែលបានកើនឡើងច្រើនជាងការរំពឹងទុកនេះ បង្ខំឲ្យអ្នកដើរផ្សារមានបន្ទុកធ្ងន់ ប្រឹងប្រែងរាល់ថ្ងៃដើម្បីទប់ទល់ជាមួយស្ថានភាពដ៏លំបាកបែបនេះ និងស្វែងរកជម្រើសផ្សេងដែលថោកជាងនេះ ស្របពេលដែលថ្លៃហក់ឡើងខ្ពស់ ធ្វើឲ្យមានភាពខុសប្លែកគ្នាច្រើនពីហាងមួយទៅហាងមួយទៀត ក្នុងនោះការបញ្ចុះតម្លៃជាបន្តបន្ទាប់ បានកើតមានផងដែរ ដើម្បីទាក់ទាញអ្នកទិញ។
អតិផរណាប្រចាំខែសីហា ស្ថិតនៅ ១២,៤ភាគរយ គឺជាតួលេខមួយដែលនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដូចគ្នានឹងតួលេខប្រចាំឆ្នាំនៅតាមប្រទេសភាគច្រើននៅទូទាំងពិភពលោកនោះ នឹងជំរុញកម្រិតភាពក្រីក្រឆ្លងផុត ៤០ភាគរយ ហើយនិងគំរាមកំហែងដល់អារម្មណ៍នយោបាយ មុនការបោះឆ្នោតនៅខែតុលាខាងមុខនេះ ។
លោក Fernando Cabrera វ័យ ៥៩ឆ្នាំ ដែលកំពុងគិតប្រាក់លើម៉ាស៊ីនគិតលេខ ដើម្បីប្រៀបធៀបតម្លៃផ្លែឈើនិងបន្លែនោះ និយាយថា អ្នកទិញអ្វីៗក៏ដោយឲ្យតែថោកបំផុតនៅកន្លែងមួយ ហើយទៅកន្លែងមួយទៀត រកទិញរបស់ផ្សេងទៀត។
លោកបន្តថា ពួកយើងធ្វើបែបនេះ ដើម្បីយកឈ្នះអតិផរណា ឬយ៉ាងហោចណាស់ក៏បានឈ្នះវាបន្តិចដែរ។
ដោយឡែក អ្នកស្រី Laura Celiz គឺជាដើរផ្សារមួយរូបទៀត បាននិយាយពេលទិញគ្រឿងទេសនៅទីក្រុង Tapiales ស្ថិតនៅជាយក្រុង Buenos Aires (ប៊ុយណូ សែ)ថា វាពិតជាពិបាកខ្លាំងណាស់ ។ ជារៀងរាល់ថ្ងៃ ទំនិញចេះតែឡើងថ្លៃឥតឈប់ឈរ វាប្រៀបបាននឹងការរត់ប្រណាំងជាមួយនឹងម៉ោងអញ្ចឹងដែរ ធ្វើយ៉ាងណាពុះពារស្វែងរកអ្វីៗគ្រប់បែបយ៉ាងទាំងអស់៕