
បេសកជនអង្គការសហប្រជាជាតិប្រចាំនៅអាហ្វ្រិកភាគឦសាន បាននិយាយក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលលោកបានប្រកាសលាលែងពីតំណែងថា ជម្លោះបង្ហូរឈាមរយៈពេល៥ ខែនៅស៊ូដង់មិនបង្ហាញពីសញ្ញានៃការធូរស្រាលទេ ហើយអាច«ក្លាយជាសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ»។
លោក Volker Perthes បានបម្រើការជាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការUNប្រចាំនៅប្រទេស ស៊ូដង់ តាំងពីដើមឆ្នាំ២០២១ ប៉ុន្តែត្រូវបានក្រសួងការបរទេសស៊ូដង់ចាត់ទុកថាជា មនុស្សដែលគេមិនស្វាគមន៍ (persona non grata) នៅក្នុងខែមិថុនា ដែលហាក់ដូចជាមានការចោទប្រកាន់ពីបទបង្កជម្លោះដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែមេសារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកម្លាំងគាំទ្ររហ័ស។
ប៉ុន្មានថ្ងៃមុនពេលត្រូវបានរារាំងពីប្រទេសនេះ អគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស បាននិយាយថា គាត់«ភ្ញាក់ផ្អើល» ដោយលិខិតមួយដែលគាត់បានទទួលពីមេដឹកនាំយោធាស៊ូដង់ លោក ឧត្តមសេនីយ៍ Abdul Fattah al-Burhan ដែលបានអំពាវនាវឲ្យដកលោក Perthesចេញពីប្រទេសនេះ។
នៅក្នុងសុន្ទរកថារបស់ខ្លួននៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខUN កាលពីថ្ងៃពុធ លោក Perthes បានផ្តល់ហេតុផលសម្រាប់ការលាលែងពីតំណែង ប៉ុន្តែបាននិយាយថា វាជា «ឯកសិទ្ធិ» ក្នុងការបម្រើការជាអ្នកតំណាងរបស់លោកហ្គុយតឺរេស។