យោងតាមការស្ទង់មតិដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ របស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos សហរដ្ឋអាមេរិកបានខ្វែងគំនិតគ្នាជុំវិញការស៊ើបអង្កេតទម្លាក់តំណែងរបស់លោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដោយភាគច្រើនបង្ហាញការគាំទ្រ។

ចំនួន៤១% នៃប្រជាពលរដ្ឋ បាននិយាយថា ពួកគេគាំទ្រគំនិតរបស់សភាក្នុងការបើក ការស៊ើបអង្កេតការទម្លាក់ពីតំណែងលើលោក Biden ដែលបានជាប់ពាក់ព័ន្ធបទចោទប្រកាន់ទាក់ទិននឹងកូនប្រុសរបស់លោក គឺលោក Hunter Biden ខណៈមតិ៣៥ភាគរយបានជំទាស់ និង២៤%និយាយថាពួកគេ មិនប្រាដក។
ការស្ទង់មតិតាមអនឡាញលើប្រជាពលរដ្ឋអាមេរិកចំនួន៤.៤១៣នាក់ ត្រូវបានធ្វើកាលពីថ្ងៃទី៨ខែកញ្ញា ដល់១៤កញ្ញា មានន័យថា អ្នកឆ្លើយតមួយចំនួន បានឆ្លើយសំណួរ មុនសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងដឹកនាំការស៊ើបអង្កេតនេះ។
គណបក្សសាធារណរដ្ឋនិយាយថា ពួកគេបានរកឃើញវប្បធម៌នៃអំពើពុករលួយ ជុំវិញសកម្មភាពធុរកិច្ចរបស់លោកHunter Biden ជាកូនប្រុសលោក ដែលត្រូវបានស៊ើបអង្កេត។ ពួកគេពុំបានបញ្ចេញភស្តុតាងនៃការប្រព្រឹត្តខុសរបស់ប្រធានាធិបតីបច្ចុប្បន្នរូបនេះទេ ហើយសេតវិមាននិយាយថា ការស៊ើបអង្កេតនេះ គឺជាចេតនានយោបាយដែលគ្មានការពិត៕
