វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា នឹងបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ មុនបន្ដដំណើរមកកម្ពុជា ដើម្បីចេញទៅប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាដើមខែក្រោយ ។
ជុំវិញជំនួបរវាងម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ចេសា និងជើងខ្លាំងជឺជីតស៊ូលំដាប់ពិភពលោកដូចគ្នា នាចុងខែនេះ ត្រូវបានលោកមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បញ្ជាក់ថា មិនប៉ះពាល់ដល់ដំណើរឆ្ពោះទៅការពារមេដាយមាសកីឡាអាស៊ី របស់កីឡាការិនីកូនកាត់ ៣សាសន៍ ខាន់ ចេសា ឡើយ ។

មន្ដ្រីសហព័ន្ធដដែលបន្ដថា ក្រោយការសម្រេចចិត្តផ្ទាល់ខ្លួន ដោយមានការឯកភាពគ្នា រវាងកីឡាការិនីជម្រើសជាតិកម្ពុជា និងដៃគូប្រកួត ក៏ដូចជាអ្នករៀបចំកម្មវិធី ខាន់ ចេសា នឹងចូលរួមប្រកួតលើសង្វៀន ONE Championship ធម្មតា ក្រោយលក្ខខណ្ឌប្រកួតវិញ្ញាសាទម្ងន់ស្រាល នៃប្រភេទកីឡាជឺជីតស៊ូ មិនមែនជាការប្រកួតគុនចម្រុះ ឬ MMA នោះទេ ។
ម្យ៉ាងដោយសារកីឡាការិនីទាំងពីរ សុទ្ធតែជាកីឡាការិនីកម្រិតខ្ពស់ ហេតុនេះការប្រកួតលើសង្វៀន ONE នាចុងខែនេះ ក៏ជាឱកាសពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ពិសេសសម្រាប់កីឡាការិនីកម្ពុជា ខាន់ ចេសា ដើម្បីត្រៀមលក្ខណៈកាន់តែប្រសើរ សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៩ ក្នុងនាមបេក្ខភាពការពារមេដាយមាស នាពេលឆាប់ៗខាងមុខផងដែរ ។
បន្ទាប់ពីចប់ការប្រកួតនេះ ចេសា នឹងត្រូវធ្វើដំណើរមកកម្ពុជា ហើយត្រូវបន្ដដំណើរទៅប្រទេសចិន នៅថ្ងៃទី០២ ខែតុលា ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី នៅទីក្រុង Hangzhou ដែលម្ចាស់មេដាយមាស ឆ្នាំ២០១៨ របស់កម្ពុជារូបនេះ នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី០៦ ខែតុលា ។ ដូច្នេះផ្អែកលើពេលវេលានេះ លោកមន្ដ្រីសហព័ន្ធដដែល អះអាងថា មិនមានផលប៉ះពាល់អ្វីដល់ ចេសា រវាងការនៅលើសង្វៀន ONE Championship និងការប្រកួតកីឡាអាស៊ីនោះទេ ។
គួរដឹងថា ខាន់ ចេសា គឺអត្តពលិកកីឡាជឺជីតស៊ូម្នាក់ ក្នុងចំណោម ២នាក់ ដែលសហព័ន្ធត្រៀមបញ្ជូនទៅចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ។ អ្វីដែលពិសេស បេសកកម្មលើកនេះដែរ ចេសា ត្រូវការពារមេដាយមាសរបស់ខ្លួន បន្ទាប់ពីកញ្ញាដណ្ដើមបានមេដាយមាសជូនជាតិលើកដំបូង ក្នុងកីឡាអាស៊ី លើកទី១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មុនបន្ដដណ្ដើមបានមេដាយមាសស៊ីហ្គេម ២សម័យ កាលពីឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕ អត្ថបទ លី ឈុនឡា
