ទីក្រុងណាននីង៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួម សន្និសីទអាស៊ាន-ចិនឆ្នាំ២០២៣ ស្ដីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ការអប់រំវិជ្ជាជីវៈ (2023 China-ASEAN Conference on Vocational Education Cooperation and Development) ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះ មានការចូលរួមពីសំណាក់ប្រតិភូតំណាងប្រទេសជាសមាជិកអាស៊ាន នាយកគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងព្រឹទ្ធបុរស សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនានា និងតំណាងក្រុមហ៊ុនមួយចំនួនមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្នុងប្រទេសចិនផងដែរ។
នៅក្នុងសន្និសីទនាឱកាសនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានពាំនាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងមានសារៈសំខាន់ៗរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹង “កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍វិស័យអប់រំ” ដែលកម្ពុជា បាននិងកំពុងបន្តចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនសម្រាប់វិស័យអប់រំ តាមរយៈ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiatives) ដែលក្នុងនោះរួមមាន៖
- បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ដោយដាក់ចេញចំនុចអាទិភាពចំនួន ៨ចំនុច រួមមាន៖ (១) កំណែទម្រង់សាលារៀន (២) ការអភិវឌ្ឍន៍គ្រូបង្រៀន (៣) ការអប់រំតាមបែបឌីជីថល (៤) ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (៥) ការលើកកម្ពស់សុខភាពសិក្សា (៦) ការអភិវឌ្ឍន៍យុវជនដើម្បីលើកកម្ពស់ជំនាញសតវត្សទី២១ (៧) ការបង្កើតមជ្ឈមណ្ឌលស្ដង់ដារខ្ពស់នៅកម្រិតឧត្តមសិក្សា និង (៨) ការអភិវឌ្ឍន៍ស្ថាប័ន និងសមត្ថភាព។
- ការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) និងការលើកកម្ពស់ភាពជាដៃគូនៃវិស័យសាធារណៈ និងវិស័យឯកជន (Public–private partnership) ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងសហការជាមួយប្រទេសជាសមាជិកអាស៊ានទាំងអស់ និងប្រទេសចិនផងដែរ ដើម្បីសម្រេចឱ្យបានជោគជ័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងអាស៊ាន និងចិន៕


