អ្នកជំនាញម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) ថា ប្រទេសបារាំងមានច្បាប់ដ៏តឹងរឹងសម្រាប់ព័ត៌មានការប៉ះពាល់នឹងវិទ្យុសកម្ម ដែលបង្ខំឱ្យក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យា បង្ហាញទិន្នន័យអត្រាស្រូបទាញនៃវិទ្យុសកម្មជាក់លាក់ (SAR) នៅក្នុងការផ្សាយពាណិជ្ជកម្ម និងសម្ភារៈទីផ្សារ ។

ទីភ្នាក់ងារប្រេកង់បារាំង (ANFR) បានប្រាប់ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារ (១២ កញ្ញា) ឱ្យបញ្ឈប់ការលក់ទូរស័ព្ទ អាយហ្វូន ១២ (iPhone12) នៅក្នុងប្រទេសបារាំង បន្ទាប់ពីការធ្វើតេស្តបានបង្ហាញពី អត្រាស្រូបទាញនៃវិទ្យុសកម្មជាក់លាក់ (SAR) របស់ទូរស័ព្ទ ដែលជារង្វាស់នៃអត្រាថាមពលប្រេកង់វិទ្យុសកម្ម ដែលត្រូវបានស្រូបចូលរាងកាយពីឧបករណ៍មួយ ខ្ពស់ជាងការអនុញ្ញាតស្របច្បាប់។
អ្នកជំនាញរូបនោះបានបន្ថែមថា យ៉ាងហោចណាស់ឧបករណ៍ទូរស័ព្ទចំនួន៥ប្រភេទ មិនត្រូវបានអនុញ្ញាតឱ្យលក់ជារៀងរាល់ឆ្នាំ ហើយអ្នកផលិតឧបករណ៍ទាំងនោះ តែងតែត្រូវបានបញ្ជាឱ្យអនុវត្តតាមច្បាប់នៃការបំភាយឧស្ម័ន ដោយការកែតម្រូវកម្មវិធីឧបករណ៍របស់ពួកគេ។
អង្គការឃ្លាំមើលរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបញ្ជូនភ្នាក់ងារទៅកាន់ហាងលក់ទូរស័ព្ទរបស់ក្រុមហ៊ុន Apple និងអ្នកចែកចាយផ្សេងទៀត ដើម្បីពិនិត្យមើលប្រភេទទូរស័ព្ទ ដែលហាមប្រាមមិនឲ្យដាក់លក់នេះ ហើយការខកខានមិនបានគោរពតាមបម្រាមនេះ នឹងនាំឱ្យមានការប្រមូលមកវិញនូវប្រភេទទូរស័ព្ទអាយហ្វូន១២ ដែលបានលក់រួចហើយទៅកាន់អ្នកប្រើប្រាស់ ត្រឡប់យកមកវិញទាំងអស់ផងដែរ៕
