អាមេរិក ៖ សេចក្តីរាយការណ៍កាលពីពេលថ្មីៗកន្លងមកនេះ ពីមន្ទីរសុខភាពសាធារណៈស្រុក Maricopa ស្ថិតក្នុងទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្ស ២០២ បានបាត់បង់ជីវិតរបស់ពួកគេ ដោយសារតែរលកកម្តៅនៅក្នុងរដូវក្តៅនេះ ស្របពេលដែលករណីស្លាប់មនុស្សជាង ៣៥៦នាក់ទៀត ដែលគេសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងហេតុការណ៍កម្តៅ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
លោក Jeff Johnston គឺជាប្រធានផ្នែកពិនិត្យសុខភាពស្រុក Maricopa និយាយថា រយៈពេល ២ឆ្នាំចុងក្រោយនេះ បានខុសប្លែកគ្នា ។ ខ្ញុំពិតជាគិតថា វាបណ្តាលមកពីបញ្ហាបរិស្ថាន វាពិបាកជឿខ្លាំងណាស់ថា អាកាសធាតុក្តៅខ្លាំងលើសពី ៤៣អង្សាសេ មានរយៈពេល ៣១ថ្ងៃជាប់ៗគ្នា ។ លោកនិយាយបែបនេះ គឺចង់សំដៅលើខែកក្កដា នៅទីក្រុង Phoenix ជាកន្លែងដែលសីតុណ្ហភាពឡើងខ្ពស់ជាង ៤៣អង្សាសេរយៈពេល១ខែពេញ ។
លោក Johnson ពន្យល់ថា រាល់រដូវក្តៅ ជាពិសេសនៅក្នុងខែកក្កដា ការិយាល័យរបស់លោក បានមើលឃើញការហក់ឡើងខ្ពស់ករណីស្លាប់មនុស្ស ។ លោកថា នៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣នេះ គឺជាឆ្នាំដ៏អាក្រក់បំផុត ។
លោកនិយាយថា នៅឆ្នាំ ២០២២ វាមានប្រហែល ៤៨ភាគរយ ហើយក៏ជាលើកដំបូងផងដែរ ដែលពួកយើងបានមើលឃើញហេតុការណ៍បែបនេះ ហើយនៅក្នុងរដូវក្តៅកន្លងមកនេះ វាមានចំនួន ៦៣ភាគរយ ច្បាស់ណាស់ថា វាបណ្តាលមកពីបញ្ហារលកកម្តៅ ។
លោកវេជ្ជបណ្ឌិត Frank LoVecchio គឺជាគ្រូពេទ្យសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាព Valleywiseនិយាយថា ពួកយើងបានមើលឃើញកម្តៅអ្នកជំងឺកើនឡើងដល់ជាង ៤០អង្កសេ ឬលើសជាងហ្នឹង ។ ពួកយើងត្រូវស្អំទឹកកកដើម្បីជួយសង្រ្គោះអាយុជីវិតរបស់ពួកគេ ប៉ុន្តែជាអកុសល មិនមែនអ្នករាល់គ្នាត្រូវបានសង្រ្គោះជីវិតនោះឡើយ ៕

