សិង្ហបុរី ៖ ប្រធានប្រតិបត្តិវិយោគទុនជាន់ខ្ពស់រដ្ឋបុរីមួយនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សិង្ហបុរី នឹងធ្វើការជាមួយប្រទេសជិតខាងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីបង្កើតមូលដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់រឹងមាំ ដើម្បីទទួលបានគុណសម្បត្តិពីការផ្លាស់ប្តូរលំហូរខ្សែសង្វាក់ផលិតកម្មសកល ។
អំឡុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោកស្រី Jacqueline Poh គឺជាប្រធានគ្រប់គ្រងគណៈក្រុមប្រឹក្សាភិបាលអភិវឌ្ឍសេដ្ឋកិច្ច (EDB) បាននិយាយថា ដោយទទួលបានអត្ថប្រយោជន៍ពីការវិនិយោគកើនឡើងពីឥណ្ឌា ចិន និងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សិង្ហបុរី នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងខ្លួន ដើម្បីបង្កើតមូលដ្ឋានខ្សែសង្វាក់ផលិតកម្មរួម ។
លោកស្រីថា កិច្ចខិតខំនេះ នឹងជួយបន្តគោលជំហររបស់សិង្ហបុរី ក្នុងនាមជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក នៅពេលតែមួយដែលប្រទេសអ្នកមាននៅលើសកលលោក បន្តងាកមករកអាស៊ី ។
លោកស្រី Poh បានព្រមានថា EDB បានរំពឹងថាឆ្នាំ ២០២៣នេះ នឹងស្ងាត់ជាងមុន ក្នុងលក្ខខណ្ឌវិនិយោគទុន ក្រោយការវិនិយោគទុនកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ ២០២២ ជាពេលដែលសិង្ហបុរី ទទួលបានការវិនិយោគលើអចលនទ្រព្យចម្រុះតម្លៃ ១៦,៥ពាន់លានដុល្លារ ក្នុងនោះជាង ៦៦ភាគរយ បានមកពីគម្រោងផលិតកម្មអេឡិចត្រូនិក ៕

