នៅក្នុងសុន្ទរកថាពេញមួយថ្ងៃ មេដឹកនាំនិងប្រមុខរដ្ឋនៃក្រុមប្រទេសសកលខាងត្បូង (Global South) បានលើកយកមកពិភាក្សានូវផលប្រយោជន៍រួម ក្នុងការចាប់ផ្តើមកិច្ចប្រជុំកំពូល G77 ដែលរៀបចំនៅទីក្រុងឡាហាវ៉ាន់ ប្រទេសគុយបា។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បាននិយាយអំពីយុគសម័យគ្មានអាណានិគមថ្មី នៅក្នុងសតវត្សរ៍ទី ២១នេះ ខណៈលោក Daniel Ortega មេដឹកនាំប្រទេសនីការ៉ាហ្គ័ ផ្តោតលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងតួនាទីរបស់ប្រទេសចិនជាមហាអំណាចអន្តរជាតិ។
ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បានប្រៀបធៀបជំហរសហគមន៍អន្តរជាតិ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ក្នុងប្រៀបធៀបនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ខណៈត្រូវបានញាំញីដោយអាកាសធាតុក្តៅខ្លាំង ជំងឺរាតត្បាត ភាពតានតឹងអន្តរជាតិ និងការលំបាកផ្នែកសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍន៍ទាំងនេះបានជំរុញឱ្យមានការប្រព្រឹត្តដោយយុត្តិធម៌ពីប្រទេសអភិវឌ្ឍន៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិចំពោះការបែងចែកបច្ចេកវិទ្យា។ G77 ដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៦៤ មានប្រទេសចំនួន ៧៧ បច្ចុប្បន្ននេះមានសមាជិកចំនួន១៣៤ប្រទេស។ ប្រទេសចិន អះអាងថា ខ្លួនពុំមែនជាសមាជិក G77 ទេ ទោះបីជាត្រូវបានចុះបញ្ជីជាសមាជិកមួយដោយប្លុកនេះក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំង និយាយថា ខ្លួនបានគាំទ្រការអះអាងស្របច្បាប់របស់ក្រុមនេះ និងរក្សាទំនាក់ទំនងសហប្រតិបត្តិការ។ ខណៈ គណៈប្រតិភូជាង ៩០ប្រទេស កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលនឹងបញ្ចប់នៅថ្ងៃសៅរ៍នេះ មានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលត្រូវបានដឹកនាំដោយប្រមុខរដ្ឋ។
