
ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដា្ឋនប្រាសាទកោះកេរ" ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះ បើតាមសារជូនចំពោះជនរួមជាតិកម្ពុជា របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
សម្ដេចធិបតីថ្លែងថា ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលក្រមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សម្ដេចធិបតីបញ្ជាក់ថា ដូចករណីមុនៗដែរ ការស្នើសុំចុះ «រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក គឺជាលទ្ធផលនៃកិច្ចដំណើរការងារដ៏យូរ និងលំបាកស្មុគស្មាញ ដោយមានការចូលរួមពីភាគីពាក់- ព័ន្ធជាច្រើន ជាពិសេសការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញការជាតិ និងអន្តរជាតិ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ដំណើរការដ៏ស្វិតស្វាញនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ បញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា ជាពិសេសសម្រេចឱ្យបាននូវការចុះបញ្ជី “រមណីយ ដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និង ការពង្រឹងមោទកភាពជាតិ។
មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែល កើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនា ដែលជាមូលដ្ឋាននៃការកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍសម្បត្តិវប្បធម៌ និង ប្រពៃណីជាកេរ្តិ៍មរតកដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយថែមទៀតផង៕

