
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សង្កត់ធ្ងន់ថា មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ភាគីទាំងពីរនឹងអភិវឌ្ឍឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់ខ្លួន និងធ្វើឱ្យស៊ី ជម្រៅនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសបែបនេះ តាមរយៈសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត ក្នុងរយៈពេល ៦៥ ឆ្នាំនេះ ចាប់តាំងពីការ បង្កើតទំនាក់ទំនងការទូត។
ភាគីទាំងពីរសង្កត់ធ្ងន់ថា៖ «មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ភាគីទាំងពីរនឹងអភិវឌ្ឍឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់ខ្លួន និងធ្វើឱ្យស៊ី ជម្រៅនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងគោលបំណងលើកកម្ពស់ការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុង យុគសម័យថ្មី ដើម្បីជាការបង្ហាញអំពីសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ»។
ភាគីទាំងពីរបាន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃព្រឹត្តិការណ៍ “ ឆ្នាំមិត្តភាពកម្ពុជា-ចិន» ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងនៅតែមានឆន្ទៈបន្តទំនាក់ទំនងមិត្តភាពជា ប្រពៃណីតាមរយៈថ្នាក់ដឹកនាំជំនាន់ក្រោយៗ៕