ការប្រកួតបាលទាត់ពានរង្វាន់ស្វាយរៀងខាប់យុវជនអាយុក្រោម ១៨ឆ្នាំ(Svay Rieng Cup U18) លើកទី១ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល សប្ដាហ៍ទី៥ ហើយ ខណៈមានក្រុមខ្លាំង ៥ក្រុម បានរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់រៀងៗខ្លួន។
ចំពោះលទ្ធផលការប្រកួតសប្ដាហ៍ទី៥ នៃពានរង្វាន់យុវជនថ្នាក់ខេត្តនេះ ក្រុមព្រះខ័នរាជស្វាយរៀង U18 បានយកឈ្នះក្រុមយុវជនឆន្ទៈកីឡា ១០-០ គ្រាដែលក្រុមពូប្រុស លីង គួយ បានយកឈ្នះក្រុម United SEZ ដោយលទ្ធផល ១-០។
លទ្ធផលនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង U18 និងក្រុមយុវជនពូប្រុស លីង គួស រក្សាកំណត់មិនទាន់ស្គាល់ចាញ់ ដោយរកបាន ៧ពិន្ទុស្មើគ្នាក្នុងពូល B បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ ។
រីឯក្រុម Blue Dragon ធ្វើបានកាន់តែល្អ ដោយយកឈ្នះក្រុមកំពូលតារាងពូលC Red Bull ដោយលទ្ធផល ១១-១ ដើម្បីឡើងគ្រងកំពូលតារាង ជាមួយកំណត់ត្រាឈ្នះ ៣ប្រកួតជាប់ៗគ្នា និងរកបាន ៩ពិន្ទុ។
ចំណែកលទ្ធផល ២គូក្នុងពូល D វិញ គឺក្រុម MST FC បានយកឈ្នះក្រុមដារ៉ូពិទូ Sport FC ២-១ និងក្រុមត្នោតអេហ្វស៊ី យកឈ្នះក្រុមយុវជនតាពៅ ៦-៣ ។ លទ្ធផលនេះ នាំឲ្យក្រុមទាំងពីរ រក្សាពាក្យមិនដែលចាញ់ដូចគ្នា ក្នុងនោះក្រុម MST FC បន្ដឈរកំពូលតារាង មាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ ស្មើ១ និងក្រុមត្នោតអេហ្វស៊ី ឈរលេខ២ មាន ៥ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ១ និងស្មើ ២ ។
ដោយឡែកលទ្ធផល ១គូទៀត នៅក្នុងពូល E វិញ គឺក្រុមយុវជនគគីសោម បានយកឈ្នះក្រុមសាលាចំរើនសូនីតា ដោយលទ្ធផល ៣-១ ។ ជ័យជម្នះនេះ បានជួយឲ្យក្រុមយុវជនគគីសោម ធានាបាននូវកៅអីវគ្គ១៦ ក្រុមចុងក្រោយ ជាមួយក្រុមយុវជនរមាសហែក ខណៈសាលាចំរើនសូនីតា ត្រូវចាំអ៊ុតបេក្ខភាពក្រុមលេខ៣ ល្អជាងគេ ជាមួយបណ្ដាពូលផ្សេងៗទៀត៕ អត្ថបទ លី ឈុនឡា
