
ស្រែកដង្ហៅឈ្មោះសមាជិកក្នុងគ្រួសារនៅទីក្រុង Derna ប្រទេសលីប៊ី អ្នកស្រី Sabreen Blil បានប្រើដៃទទេររបស់គាត់ ដើម្បីកាយគំនរឥដ្ឋបាក់បែក ។
រយៈពេល ១សប្តាហ៍ក្រោយទឹកជំនន់វាយប្រហារទីក្រុង Derna អ្នកស្រី Blil នៅតែព្យាយាមស្វែងរកសាកសពមនុស្សជាទីស្រលាញ់របស់គាត់នៅក្រោមគំនរបាក់បែកនៅផ្ទះបងប្រុសរបស់គាត់ ។
អ្នកស្រីនិយាយទ្រហោយំថា ឱ!ព្រះជាម្ចាស់អើយ ព្រះរបស់ខ្ញុំ ហេតុដូចម្តេចបានជាមិនឲ្យខ្ញុំរកឃើញសាកសពសូម្បីតែសាច់ញាតិម្នាក់ ។ ព្រះមានក្តីករុណាលើពួកយើង ។ តើអ្នកណាជាអ្នកទទួលខុសត្រូវ? តើពួកយើងមានកំហុសអ្វី ហើយឯណាព្រលឹងអ្នកស្លាប់? ហេតុអ្វីបានជាមនុស្សមួយគ្រួសារស្លាប់បែបនេះ ? មនុស្សមួយគ្រួសារបញ្ចប់ទៅទាំងបែបនេះ ។
រយៈពេល ១សប្តាហ៍មកនេះ ក្រុមគ្រួសារនៅមិនទាន់ស៊ូទ្រាំនៅឡើយ នឹងការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ។
អង្គុយនៅមុខផ្ទះរងការខូចខាតរបស់គាត់ លោក Hassan Kassar វ័យ ៦៩ឆ្នាំ ដែលជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Derna នៅមិនទាន់បាត់ស្រក់ទឹកភ្នែកនោះទេ ក្រោយបាត់បង់កូនរបស់គាត់ ៤នាក់ដោយសារទឹកជំនន់ ។
មនុស្សនៅក្នុងទីក្រុងមួយនេះ ដូចស្រមោលអន្ទោលតាមប្រាណពួកគេ ដោយសារតែជោគវាសនារបស់សាច់ញាតិបាត់ខ្លួន ៕