ក្រុមការពារតំណែងជើងឯក Manchester City បានចាប់ផ្តើមរដូវកាលថ្មី UEFA Champions League ជាមួយនឹងជ័យជំនះ ៣-១ លើក្រុមជើងឯកឆ្នាំ ១៩៩១ Red Star Belgrade របស់ស៊ែបនៅទឹកដី Etihad។

ក្រុមជើងឯកស៊ែបមួយនេះចាប់ផ្តើមជាមួយនឹងជំនឿចិត្ត និងរកបានគ្រាប់នាំមុខនៅនាទីទី ៤៥ ដោយ Osman Bukari តែដើមវគ្គទី ២ City ក៏តាមស្មើ និងនាំមុខវិញដោយខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ពីរគ្រាប់ម្នាក់ឯង មុនពេលដែល Rodri ធានាជ័យជំនះនៅនាទីទី ៧៣។

ថ្វីបើឈ្នះក្តីលោក Pep Guardiola បានបង្ហាញពីក្តីបារម្ភបន្ទាប់ពីខ្សែបម្រើព័រទុយហ្កាល់ Bernardo Silva រងរបួសដែលនឹងត្រូវអវត្តមានប្រហែលមួយខែ។
City បច្ចុប្បន្នកំពុងមានបញ្ហាកីឡាកររបួសស្រាប់រួមមាន Kevin de Bruyne, Jack Grealish, Mateo Kovacic និង John Stones។

ក្នុងពូល G នេះដែរ Leipzig ឈ្នះនៅទឹកដី Young Boys ៣-១ ដូចគ្នាឡើងឈរលើគេក្នុងពូលជាមួយ City។

ងាកទៅក្រុមអង់គ្លេសមួយទៀត Newcastle United ដែលបង្ហាញខ្លួនលើកដំបូងនៅក្របខណ្ឌ UEFA Champions League ក្នុងរយៈពេល ២០ ឆ្នាំរកបានមួយពិន្ទុពីទឹកដីអ៊ីតាលី AC Milan ដោយលទ្ធផល ០-០។
អ្នកចាត់ការ Newcastle លោក Eddie Howe ឱ្យដឹងថា ១ ពិន្ទុជាលទ្ធផលល្អមួយសម្រាប់ក្រុម ហើយនេះជាបទពិសោធថ្មីមួយសម្រាប់កូនក្រុម ដែលបទពិសោធនេះនឹងជាប្រយោជន៍សម្រាប់ការប្រកួតបន្ទាប់ទៀត។

ពូល F នេះដែរ Paris Saint Germain ឡើងឈរលេខ ១ ក្នុងពូលក្រោយឈ្នះ Dortmund ២-០ ដោយគ្រាប់បាល់របស់ Kylian Mbappe និង Achraf Hakimi។

ចំណែកឯ Barcelona មិនពិបាកឡើយក្រោយយកឈ្នះក្រុមភ្ញៀវប៊ែលហ្ស៊ិក Royal Antwerp ៥-០ ដែលរួមមានគ្រាប់របស់ Joao Felix ពីរគ្រាប់ ឡើងឈរលើគេក្នុងពូល H ជាមួយ Porto ដែលឈ្នះ Shakhtar Donetsk ៣-១។

ពូលចុងក្រោយគេនេះវិញគឺពូល E Feyenoord ឡើងឈរលេខ ១ ក្នុងពូលក្រោយឈ្នះ Celtic ២-០ ខណៈ Lazio តាមស្មើចុងម៉ោង ១-១ ក្នុងដីរបស់ខ្លួនដោយការតែតបញ្ចូលទីរបស់អ្នកចាំទី Ivan Provedel នាទីទី ៩០+៥៕
អត្ថបទ៖នាង សុភាវុធ