ភ្នំពេញ៖ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី បានចាត់ទុកការសម្រេចដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រា សាទកោះកេរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូថា ជាការបង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវមរតកសិល្បៈវប្បធម៌ដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។
តាមរយៈសុន្ទរកថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ«រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានលើក ឡើងថា ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺប ង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបុព្វបុរសដ៏អស្ចារ្យខ្មែរបានបន្សល់ទុកនូវមរតកវប្បធម៌ អរិ យធម៌ និងសិល្បៈដ៏សម្បូរបែប ជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាលនៅទូទាំ ងប្រទេស សម្រាប់កូនចៅជំនាន់ក្រោយចងចាំជាគំរូ និងរក្សាឱ្យបានគង់វង្សជារៀងរហូត ក្រោមម្លប់សន្ដិភាព ដែលប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់រាល់ភាពវឹកវរបង្កសង្គ្រាម ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិយើងទាំងបច្ចុប្បន្ន និងទៅអនាគត។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពទៅលើវិស័យវប្បធម៌ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ។ សម្ដេចធិបតីរម្លឹកបន្ថែមថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។
រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ស្ថិតនៅលើផ្ទៃដីប្រមាណ ៨០០០ ហិកតា ដែលមានប្រាង្គប្រាសាទជាង ៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ កោះកេរជាអតីតរាជធានី ដែលត្រូវបានសាងឡើងនៅអំឡុងសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤៕ ដោយ៖ គង់ ឌិន

