ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Dynamic Herb Cebu FC របស់ហ្វីលីពីន នាវេលាម៉ោង ៧យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដែលជាជំនួបបើកឆាកពូលF នៃពានរង្វាន់ AFC Cup 2023/24 នៅកីឡដ្ឋាន Rizal Memorial ។
ក្រុមភ្នំពេញក្រោន បានធ្វើដំណើរទៅដល់រដ្ឋធានីម៉ានីល កាលពីរាត្រីថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែកញ្ញាកន្លងទៅ ប៉ុន្ដែយ៉ាងណាលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា កូនក្រុមរបស់ខ្លួននឹងអាចដណ្ដើមបាន ៣ពិន្ទុត្រឡប់មកផ្ទះវិញ ។

លោក Oleg ធ្លាប់បានបញ្ជាក់មុនចាកចេញពីកម្ពុជាថា AFC Cup គឺជាពានដ៏សំខាន់ ដូចនឹងលីគកំពូលកម្ពុជាដែរ ដែលភ្នំពេញក្រោន បានយកចិត្តទុកដាក់ ។ ដូច្នេះលោកបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតបើកឆាកចែកពូល ជាមួយក្រុម DF Cebu FC របស់ហ្វីលីពីន នៅរាត្រីថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីស្វែងរកជ័យជម្នះក្នុងការប្រកួតដំបូងរបស់ខ្លួនក្នុងពូល ។
គួរដឹងថា សម្រាប់ការប្រកួតវគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន គឺស្ថិតក្នុងពូល F ជាមួយក្រុមមកពី ៣ប្រទេសផ្សេងទៀត រួមមានក្រុម Macarthur FC របស់អូស្ដ្រាលី, ក្រុម Dyanamic Herb Cebu FC របស់ហ្វីលីពីន និងក្រុម Shan United របស់មីយ៉ាន់ម៉ា ។

វគ្គចែកពូលនេះ គ្រោងនឹងបញ្ចប់ការប្រកួតនាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដោយប្រើប្រព័ន្ធប្រកួតក្នុងដី និងក្រៅដី(Home/Away) ពោលគឺក្រុមនីមួយៗ ត្រូវធ្វើការប្រកួត ២ជើង ដើម្បីសន្សំពិន្ទុ និងស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ ។ តាមរយៈនេះ មានន័យថា ក្រុមតំណាងកម្ពុជា ភ្នំពេញក្រោន នឹងត្រូវធ្វើម្ចាស់ផ្ទះចំនួន ៣ប្រកួត សម្រាប់ពូលF ផងដែរ ។
សូមរំឮកដែលថា មុនឈានដល់ការប្រកួតវគ្គចែកពូលនេះ ក្រុមសិង្ហក្រហមភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតជម្រុះ ២ដំណាក់កាលមកហើយ ពោលគឺបានយកឈ្នះ Young Elephants FC របស់ឡាវ ដោយលទ្ធផល ៣-០ ក្នុងវគ្គជម្រុះបឋម(Preliminary Stage) មុនបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ Tampines Rover FC របស់សិង្ហបុរី ដោយលទ្ធផល ៣-២ ក្នុងវគ្គ Play-Off កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕ អត្ថបទ លី ឈុនឡា