ឥណ្ឌា៖ ប្រទេសកាណាដានៅសប្តាហ៍នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ខ្លួនមានរបាយការណ៍ចារកម្មដែលអាចជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាចំពោះការស្លាប់របស់មេដឹកនាំ ផ្ដាច់ខ្លួន ឥណ្ឌាកាន់សាសនាស៊ីគ (Sikh) ជាប្រភេទព័ត៌មាន ដែលជាធម្មតាបង្កឱ្យមានភាពចលាចលក្នុងចំណោមសម្ព័ន្ធមិត្តប្រជាធិបតេយ្យ មិនមែនមានតែនៅពេលនេះនោះទេ។
ប្រទេសឥណ្ឌាកំពុងត្រូវបានសហរដ្ឋអាមេរិកតាមលួងលោម និងប្រទេសដទៃទៀត ដែលប្រឆាំងប្រទេសចិន ហើយការវាយប្រហារដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រីកាណាដា ទ្រូដូ (Trudeau) បានកើតមានឡើង ប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុង New Delhi បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ដែលរុញឲ្យប្រទេសលោកខាងលិចស្ថិតក្នុងជំហរមិនរឹងមាំ។
លោកស្រី ស្តេហ្វានី ខាវីន (Stephanie Carvin) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ottawa's Carleton បាននិយាយថា ឥណ្ឌាមានសារៈសំខាន់នៅក្នុងការគណនារបស់លោកខាងលិចសម្រាប់តុល្យភាពប្រទេសចិនហើយកាណាដា ក៏មិនមែនដែរ។លោកស្រីនិយាយថានេះពិតជាធ្វើឱ្យប្រទេសកាណាដា ធ្លាក់ចុះក្នុងចំណោមប្រទេសលោកខាងលិចផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រីJustin Trudeau បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាណាដា កំពុង បន្តការចោទប្រកាន់ដ៏គួរឱ្យជឿជាក់ ដែលថាភ្នាក់ងារឥណ្ឌា អាចមានជាប់ពាក់ព័ន្ធខ្លាំង ចំពោះការសម្លាប់ពលរដ្ឋកាណាដាលោក ហាឌីប ស៊ីញ នីចា ( Hardeep Singh Nijjar)កាលពីខែមិថុនា។
នៅពេលនោះ ទីក្រុង អូតាវ៉ា(Ottawa) បានពិភាក្សារួចហើយអំពីបញ្ហានេះជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ដូចជា សម្ព័ន្ធភាពការចែករំលែកព័ត៌មានសម្ងាត់ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។
លោក ជីអេទីក បាចប៉ាអ៊ី (Chietigj Bajpaee )អ្នកជំនាញឥណ្ឌានៅស្ថាប័នស្រាវជ្រាវ Chatham House នៅទីក្រុងឡុងបាននិយាយថា ចក្រភពអង់គ្លេសស្ថិតក្នុងស្ថានភាពលំបាក ក្នុងការជ្រើសរើសរវាងការគាំទ្រកាណាដា និងការប្រឆាំងឥណ្ឌា ជាប្រទេសដែលខ្លួនចង់ធ្វើជាដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តក្នុងការជួយទប់ទល់ជាមួយប្រទេសចិន៕

