ភ្នំពេញ៖ តួលេខអ្នកឆ្លងមេរោគកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា បានកើនឡើងលើសចំនួន ៣ម៉ឺននាក់ហើយនៅថ្ងៃនេះ បន្ទាប់ពីប្រទេសនេះ បានរកឃើញមនុស្សរាប់រយនាក់ឆ្លងមេរោគនេះជារៀងរាល់ថ្ងៃក្នុងរយៈពេលជាង ៣ខែចុងក្រោយមកនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា មនុស្ស ៦៩០នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់ ៣០ ០៩៤នាក់មកដល់ត្រឹមថ្ងៃនេះ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីដល់ទៅ ៦៣៥នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយករណីឆ្លងចំនួន ៥៥នាក់ទៀត គឺជាករណីនាំចូល។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៥នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដែលនាំឱ្យតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ ២១៤នាក់នៅក្នុងរយៈពេល ៧០ថ្ងៃចុងក្រោយនេះ។
ចំណែកតួលេខអ្នកជាសះស្បើយវិញ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានចំនួនសរុបដល់ទៅ ២២ ៦៣៦នាក់ហើយ ក្នុងនោះរាប់បញ្ចូលទាំងអ្នកជាសះស្បើយថ្មី ៤៤៨នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
