ភ្នំពេញ៖ បច្ចុប្បន្នទីផ្សារការងារក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា នៅតែមានតម្រូវការជាច្រើនមុខតំណែង និងគ្រប់វិស័យ ខណៈអ្នកដាក់ពាក្យស្វែងរកការងារធ្វើ ហាក់មិនទាន់ស៊ីចង្វាក់គ្នានៅឡើយ រវាងអ្នកដាក់ពាក្យ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្ម។
នៅក្នុងកិច្ចសម្ភាសរវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ លោក ឯម សុភ័ក្ត្រា មន្រ្តីផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនដាកស្រ៊ី (CHIP MONG Industries) បានឲ្យដឹងថា គិតមកដល់ពេលនេះ ក្រុមហ៊ុនបានសហការជាមួយភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនប្រហែលជា ១០លើកមកហើយ កត់សម្គាល់ឃើញថា ចំនួនអ្នកចូលរួមដាក់ពាក្យសម្ភាសន៍ការងារ មិនថាក្រុមហ៊ុនលោក និងក្រុមហ៊ុនដទៃទៀតទេ ហាក់មិនទាន់ឆ្លើយតបគ្នាបានល្អនៅឡើយ ដោយសារខុសមុខជំនាញ និងខ្វះបទពិសោធន៍ការងារជាដើម។
ស្រដៀងគ្នានេះ កញ្ញា លីម សុខហេង មន្រ្តីជាន់ខ្ពស់ជ្រើសរើសបុគ្គលិក នៃធនាគារ ស្ថាបនា បានលើកឡើងថា ការងារដែលមិនត្រូវរូវគ្នា រវាងក្រុមហ៊ុន និងអ្នកដាក់ពាក្យ ដោយមូលហេតុថា ការដាក់ពាក្យរបស់អ្នកស្វែងរកការងារធ្វើ អត់ត្រូវនឹងទីផ្សារចង់បាន ឬក៏មិនត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នកដាក់ពាក្យ។ កញ្ញាបានបន្តថា មូលហេតុផ្សេងទៀត គឺខុសជំនាញ និងខ្វះសមត្ថភាព ដោយសារការសិក្សាមុខវិជ្ជា ខុសគ្នាទៅនិងទីផ្សារចង់បាន។
សូមជម្រាបជូនថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចសម្ភាសការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន៣ ចូលរួមជ្រើសរើសបុគ្គលិក មានដូចជា៖ ផ្សារទំនើប ម៉ាក្រូ, ធនាគារ ស្ថាបនា និងក្រុមហ៊ុន ជីបម៉ុង ដោយនាំយកឱកាសការងារជិត ៣០០កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច៕អត្ថបទ ឈិត បូរ៉ាវី




