
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃពុធ បានស្នើឲ្យរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោកស្រី ចាណេត យ៉ែលឡែន (Janet Yellen ) គាំទ្រការផ្តល់ឋានៈ«សេដ្ឋកិច្ចទីផ្សារ»របស់ប្រទេសកុម្មុយនីស្តនេះ និងជួយបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មផ្សេងទៀត ខណៈដែលរដ្ឋបាលលោកបៃដិន ចាត់ទុកប្រទេសមហាអំណាចនាំចេញអាស៊ីអាគ្នេយ៍នេះ ជាយុទ្ធសាស្ត្រ និងទប់ទល់នឹងប្រទេសចិន។
លោក Chinh បានលើកឡើងពីបញ្ហានេះ រួមជាមួយនឹងការស៊ើបអង្កេតពន្ធប្រឆាំងការបោះចោលជាច្រើនរបស់សហរដ្ឋអាមេរិកលើទំនិញវៀតណាម នៅពេលចាប់ផ្តើមកិច្ចប្រជុំទ្វេភាគីជាមួយលោកស្រីយ៉ែលឡែន នៅខាងក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
លោក Chinh បានប្រាប់លោកស្រីយ៉ែលឡែនថា៖«ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបង្ហាញឆន្ទៈនយោបាយដ៏រឹងមាំ ដើម្បីទទួលស្គាល់ឋានៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ដូចដែលអ្នកបានធ្វើចំពោះសហព័ន្ធរុស្ស៊ីដែរ»។
លោកកំពុងសំដៅទៅលើការប្តេជ្ញាចិត្តក្នុងឆ្នាំ២០០២ ដែលថា សេដ្ឋកិច្ចរបស់រុស្ស៊ី ត្រូវបានជំរុញដោយទីផ្សារ ដែលជាឋានៈមួយដែលកំណត់ការគណនាពន្ធប្រឆាំងការបោះចោលរបស់សហរដ្ឋអាមេរិកលើទំនិញរុស្ស៊ីនៅពេលនោះ។ ប៉ុន្តែក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានដកហូតឋានៈសេដ្ឋកិច្ចទីផ្សាររបស់រុស្ស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយលើកឡើងពីការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងទិសដៅរដ្ឋនៃសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេស ចាប់តាំងពីការឈ្លានពាននៅខែកុម្ភៈឆ្នាំ ២០២២លើអ៊ុយក្រែន។