យ៉េម៉ែន៖ ចលនាហ៊ូធី ( Houthi) នៅប្រទេសយ៉េម៉ែន បានបង្ហាញមីស៊ី និងយានដ្រូនប្រដាប់អាវុធ នៅក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំមួយក្នុងទីក្រុងសាណា(Sanaa) កាលពីថ្ងៃព្រហស្បតិ៍ ដែលជាសារមួយទៅកាន់សត្រូវរបស់ពួកគេ នៅក្នុងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលពួកគេបន្តការចរចាបទឈប់បាញ់ជាមួយទីក្រុងរីយ៉ាដ (Riyadh) ។
ប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ហ៊ូធីរបស់ប្រទេសយ៉េម៉ែន លោក ម៉ាឌី អាល់ ម៉ាសហាត (Mahdi al-Mashat) និងមន្ត្រីផ្សេងទៀត បានឃ្លាំមើល នៅពេលដែលរថយន្តដឹកទំនិញធុនធ្ងន់រាប់សិបគ្រឿង បានដឹកមីស៊ីលតម្រង់គោលដៅ និងយានដ្រូនប្រដាប់អាវុធរយៈចម្ងាយឆ្ងាយ។
ទាហានរាប់ពាន់នាក់ បានដើរក្បួន ក្រោមពន្លឺថ្ងៃកកតៅខ្លាំង ខណៈដែលក្រុមមន្ត្រីពាក់ទង់ជាតិយ៉េម៉ែនជាខ្សែក្រវាត់ គ្រវីដៃដាក់ក្រុមអ្នករាំប្រពៃណីចេញពីវេទិកានោះ។
ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានវាយប្រហារសម្រុកចូលទៅក្នុងរដ្ឋធានី និងភាគច្រើននៃប្រទេសយ៉េម៉ែនភាគខាងជើង នៅក្នុងឆ្នាំ ២០១៤ នៅពេលដែលពួកគេ បានបណ្តេញរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិពីអំណាច។
អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បានធ្វើអន្តរាគមន៍ក្នុងសង្រ្គាមក្នុងឆ្នាំ ២០១៥ ដើម្បីព្យាយាមស្ដាររដ្ឋាភិបាលឡើងវិញ ប៉ុន្តែជម្លោះនេះ បានអូសបន្លាយយ៉ាងយូរ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើ ឲ្យមនុស្សរាប់លាននាក់ ពឹងផ្អែកលើជំនួយមនុស្សធម៌៕


