អារ៉ាប៊ីសាអ៊ូឌីត៖អ៊ីស្រាអែល កំពុងធ្វើការដោយប្រយ័ត្នប្រយែងជាមួយសហរដ្ឋអាមេរិកលើផែនការជួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមផ្ទាល់ខ្លួន ដែលជាផ្នែកនៃកិច្ចព្រមព្រៀងទូលំទូលាយ ដែលទីក្រុងរីយ៉ាដនឹងធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយរដ្ឋជ្វីហ្វនេះ។
លោក បេចាមីន នេតានីយ៉ាហ៊ូ ( Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រាប់អ្នកឯកទេសខាងនុយក្លេអ៊ែរ និងសន្តិសុខកំពូលរបស់ប្រទេសនេះ ឲ្យធ្វើការជាមួយក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកលើការធានាកិច្ចព្រមព្រៀងនេះ បើយោងតាមរបាយការណ៍របស់សារព័ត៌មានWall Street Journ។
សំណើនេះ នឹងនាំឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្លាយជាប្រទេសមជ្ឈិមបូព៌ាទីពីរ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដោយបើកចំហ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ដែលជាគូប្រជែង។ ប្រទេសអ៊ីស្រាអែល ក៏ត្រូវបានគេសង្ស័យយ៉ាងទូលំទូលាយពីការមានកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ ទោះបីជាវានៅតែលាក់ក្នុងការសម្ងាត់ ក្រោមគោលនយោបាយនៃភាពមិនច្បាស់លាស់ដោយចេតនាក្តី។
កិច្ចពិភាក្សាសម្ងាត់ស្តីពីសន្ធិសញ្ញាធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត បានដំណើរការអស់ជាច្រើនឆ្នាំ ប៉ុន្តែពួកគេទទួលបានល្បឿនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត បានស្វែងរកកម្មវិធីនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកជាផ្នែកនៃកិច្ចព្រមព្រៀង។
សារព័ត៌មាន Wall Street Journal បានរាយការណ៍ដោយដកស្រង់ប្រភពពីអ៊ីស្រាអែលថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមណាមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយជាផ្នែកនៃកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី ជាមួយនឹងការការពារមួយចំនួនធំនោះ៕


