កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) នគរបាលប៊ុលហ្គារី បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សជាតិនិយមជ្រុល Vazrazhdane ក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលនិយមលោកខាងលិច ក្នុងប្រទេសនេះ។

ក្រុមបាតុកររាប់រយនាក់ ដែលប្រឆាំងនឹងការគាំទ្ររបស់សមាជិកសហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី បានប្រមូលផ្តុំគ្នានៅមុខអគារសភា ដោយគ្រវីទង់ជាតិ ផ្លុំកញ្ចែ និងទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់នៅក្នុងប្រទេស ដែលបានឆ្លងកាត់ការបោះឆ្នោតចំនួនប្រាំដងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ហើយក្រុមអ្នកតវ៉ាក៏បានអំពាវនាវឲ្យបិទមូលដ្ឋានយោធាណាតូផងដែរ។
ក្រុមបាតុករបានបញ្ចប់ការដើរដង្ហែរបស់ខ្លួន នៅមុខវិមានដ៏មហិមារបស់កងទ័ពសូវៀត ដែលត្រូវបានគេដាក់នៅក្រោមរនាំងសម្រាប់ហេតុផលសន្តិសុខ ហើយបាតុករមួយចំនួនបានប៉ះទង្គិចជាមួយនគរបាល ដែលព្យាយាមរារាំងពួកគេមិនឲ្យចូលទៅជិតវិមាននោះផងដែរ។
ថ្មីៗនេះ រដ្ឋាភិបាលប៊ុលហ្គារីបានសម្រេចដកវិមាននេះ ចេញពីទីតាំងបច្ចុប្បន្នរបស់វា។ ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៊ុលហ្គារីបានបណ្តេញជនជាតិរុស្សីម្នាក់ និងបេឡារុស្សពីរនាក់ ហើយបានរារាំងពួកគេមិនឱ្យចូលប្រទេសប៊ុលហ្គារីក្នុងរយៈពេលប្រាំឆ្នាំខាងមុខ តាមបញ្ជារបស់ទីភ្នាក់ងាររដ្ឋសម្រាប់សន្តិសុខជាតិ (SANS) របស់ប្រទេសនេះផងដែរ៕
