ហ្គាណា ៖ លោក Zubeiru Abdulai ប្រធានស្រុកនៅក្នុងតំបន់ Pusiga ប្រទេសហ្គាណា បាននិយាយថា មនុស្ស៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយឆ្មក់ដោយក្រុមជនមិនស្គាល់អត្តសញ្ញាណនៅភាគខាងជើងប្រទេសហ្គាណា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (២១ កញ្ញា)។
ការវាយប្រហារនេះ បានកើតឡើងនៅជិតព្រំដែនជាមួយប្រទេស បួរគីណា ហ្វាសូ ជាទីដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមកំពុងធ្វើការបះបោរ។
អំពើហឹង្សាដោយក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសហ្គាណា គឺជារឿងកម្រណាស់ ប៉ុន្តែប្រទេសជិតខាងរបស់ខ្លួនគឺ ប្រទេសតូហ្គោ និងប្រទេសកូតឌីវ័រ បានមើលឃើញពួកសកម្មប្រយុទ្ធឆ្លងកាត់ព្រំដែនភាគខាងជើងរបស់ពួកគេ ដើម្បីធ្វើការវាយប្រហារជាបន្តបន្ទាប់។
លោក Abdulai បាននិយាយថា ក្រុមអ្នកវាយប្រហារបានបាញ់ទៅលើរថយន្តពីរគ្រឿង ដែលដឹកអ្នកដូរធ្វើដំណើរទៅកាន់ទីប្រជុំជនផ្សារ Cinkasse ដោយបន្ថែមថា អ្នករងរបួសកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យរដ្ឋាភិបាល Bawku ហើយជនរងគ្រោះភាគច្រើនគឺជាស្ត្រី៕

