ភ្នំពេញ ៖ សាលារៀនចំនួន ២១ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ធំ ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោង«បង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ» ដែលបង្កើតឡើងក្រោមកិច្ចសហការរវាងធនាគារអ៊ូរី អង្គការឆាលហ្វាន កម្ពុជា និងដៃគូផ្សេងទៀត ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ។
គម្រោង«បង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ» ត្រូវបានផ្ដួចផ្ដើមឡើងដោយអង្គការឆាលហ្វានកម្ពុជា អង្គការបង្រៀនដើម្បីកម្ពុជា និងដៃគូផ្សេងទៀត ដោយមានការគាំទ្រផ្នែកធនធានហិរញ្ញវត្ថុពីធនាគារ អ៊ូរី ត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។ គម្រោងនេះមានគោលដៅធំៗចំនួន ៣ គឺទី ១ សាលារៀនគោលដៅមានកន្លែងសិក្សាឌីជីថល ដែលដំណើរការបានល្អ ជាមួយនឹងការពង្រឹងអភិបាលកិច្ចសម្រាប់ការគ្រប់គ្រងសាលារៀន នៃការសិក្សាបែបឌីជីថល នៅក្នុងការបរិយាកាសដែលមានសុវត្ថិភាព និងបរិយាប័ន្ន ទី២ កុមារនៅក្នុងសាលាគោលដៅសម្រេចបាននូវសម្បទាសតវត្សទី២១ សម្រាប់ការរៀនសូត្រពេញមួយជីវិត និងទី៣ បង្កើនការយល់ដឹងរបស់សាធារណៈជនលើអក្ខរកម្មឌីជីថល នៅតាមសហគមន៍ និងនៅថ្នាក់ជាតិ ។ តាមរយៈគម្រោងនេះ សាលារៀនចំនួន២១ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ធំ ត្រូវបានជ្រើសរើសផ្ដល់ជូននូវលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ បន្ទប់កុំព្យូទ័រ ថេបប្លេតសម្រាប់បណ្ណាល័យ រៀបចំកម្មវិធីសិក្សា និងសៀវភៅសិក្សាជាដើម ហើយមានវិសាលភាពអនុវត្តចាប់ពីសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ។ សរុបអ្នកទទួលផលពីគម្រោងនេះ រួមមាន សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ជាង ១០ម៉ឺននាក់ ។
ឯកឧត្តម អុឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះ ព្រមទាំងបានវាយតម្លៃថាគម្រោងនេះ ពិតជាស្របទៅនឹងយុទ្ធសាស្រ្តបច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញមូលធនមនុស្សដែលមានបំណិនឌីជីថល ឆ្លើយតបនឹងគោលដៅសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងបានចូលរួមចំណែកផ្ទាល់លើការជម្រុញការអប់រំឌីជីថលស្របតាមយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ចំណែកលោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជា បានសម្ដែងក្តីរំភើបចំពោះការដាក់អោយដំណើរការគម្រោងនេះ ។ លោកមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT) របស់សាលារៀន និងការជម្រុញសមត្ថភាពគ្រូបង្រៀនក្នុងកាប្រើប្រាស់ធនធានឌីជីថល ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រពន្ធ័អនឡាញ គឺជាកត្តាសំខាន់ណាស់សម្រាប់រួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ។
សូមបញ្ជាក់ថា គម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ នឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ ( ២០២៣-២០២៦ ) ក្នុងជំហានដំបូង ហើយភាគីពាក់ព័ន្ធទាំងអស់នឹងធ្វើការវាយតម្លៃពីលទ្ធផល ដើម្បីសម្រេចពង្រីកវិសាលភាពសាលាដែលត្រូវអនុវត្តបន្តទៀតនៅពេលអនាគត ។
អត្ថបទ : គន្ធា