
ប្រជាពលរដ្ឋជនជាតិដើមភាគតិចប្រេស៊ីល បានផ្ទុះភាពសប្បាយរីករាយកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពេលសំឡេងភាគច្រើននៅក្នុងតុលាការកំពូលប្រេស៊ីល បានបោះឆ្នោតប្រឆាំងនឹងការលុបចោលកាលបរិច្ឆេតដែលកំណត់កម្មសិទ្ធិកាន់កាប់ដីធ្លីជនជាតិដើមភាគតិច ។
ក្រុមបាតុករជនជាតិដើមភាគតិច បានជួបជុំគ្នានៅក្រៅតុលាការកំពូល ស្ថិតក្នុងទីក្រុង Brasilia ខណៈពេលពួកគេរង់ចាំការបោះឆ្នោតលើច្បាប់ដែលព្យាយាមរារាំងសិទ្ធិគ្រប់គ្រងដីធ្លី ដែលជនជាតិដើមភាគតិច មានតាំងពីឆ្នាំ ១៩៨៨មកម្ល៉េះ ។
តុលាការកំពូលនិយាយថា ចៅក្រម ៩រូប នៅក្នុងចំណោមចៅក្រម ១១រូប បានច្រានចោលកាលកំណត់ ដោយសារតែវាប្រឆាំងនឹងការធានារដ្ឋធម្មនុញ្ញលើសិទ្ធិជនជាតិដើមភាគតិចលើដីដូនតារបស់ពួកគេ ។ ចៅក្រម ២រូប បានបោះឆ្នោតលើការកំហិត ដើម្បីបញ្ចប់ជម្លោះដីធ្លី ហើយនិងផ្តល់សន្តិសុខដល់ក្រុមកសិករ ដែលបានតាំងលំនៅទីនោះ អស់រយៈជាច្រើនឆ្នាំមកហើយ ។
ក្រុមមេដឹកនាំជនជាតិដើមភាគតិច និយាយថា ការសម្រេចរបស់តុលាការកំពូល គឺចាំបាច់ដើម្បីដោះស្រាយកម្មសិទ្ធិទទួលស្គាល់ដីធ្លី ៣០០កន្លែង ដែលនឹងការពារសហគមន៍របស់ពួកគេ ពីក្រុមអ្នកទន្រ្ទានដី ការឈ្លានពានពីក្រុមកាប់ឈើខុសច្បាប់ ហើយនិងក្រុមរុករករ៉ែមាសគ្មានការអនុញ្ញាត ៕