
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសកេនយ៉ា បានសន្យាពង្រឹងវិធានការសន្តិសុខប្រឆាំងនឹងក្រុមជីវពលសូម៉ាលី ពេលដែលពួកគេរំឭកខួប ១០ឆ្នាំនៃការវាយប្រហារសម្លាប់រង្គាលផ្សារទំនើប ឆ្នាំ ២០១៣ ដែលក្រុមអ្នកវិភាគសន្តិសុខនិយាយថា វាបានធ្វើឲ្យល្អប្រសើរឡើងការត្រៀមខ្លួនរបស់ប្រទេសមួយនេះ ប្រឆាំងការគំរាមកំហែងសន្តិសុខ ។
រយៈពេល ១ទសវត្សរ៍ ក្រោយមនុស្ស ៦៧នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើង មកពីក្រុមឧទ្ទាម al Shabaab របស់ប្រទេសសូម៉ាលីទៅលើផ្សារទំនើប Westgate ស្ថិតក្នុងទីក្រុង Nairobi ហើយការឡោមព័ទ្ធរយៈពេល ៤ថ្ងៃបន្ទាប់ ធ្វើឲ្យក្រុមជីវពលមកពីក្រុមមួយនេះ នៅតែអាចវាយប្រហារជាបន្តបន្ទាប់ លើទឹកដីកេនយ៉ាបានដដែល ។
ថ្លែងអំឡុងពិធីរំឭកខួបនៅលើទីតាំងរងការវាយប្រហារ អគ្គនាយកក្រុមអាជ្ញាធរនិយតកម្មសន្តិសុខឯកជន លោក Fazul Mohamed និយាយថា កេនយ៉ា បានចាប់ផ្តើមរបៀបវារៈកំណែរទម្រង់សន្តិសុខ ដើម្បីធ្វើឲ្យប្រទេសមួយនេះ មានសុវត្ថិភាពជាងមុន ។
នៅក្នុងចំណោមអ្នកចូលរួមពិធីរំឭកខួបនេះ រួមមានទាំងអ្នករស់រានពីការវាយប្រហារម្នាក់ គឺលោក Richard Maige ដែលជាអ្នកមើលថែសួននៅក្នុងផ្សារទំនើប ។
សូមបញ្ជាក់ថា ការវាយប្រហារឆ្នាំ ២០១៣ គឺជាការសងសឹកនឹងប្រទេសកេនយ៉ា ដែលបានបញ្ជូលទាហានចូលទៅកាន់ប្រទេសសូម៉ាលី កាលពីឆ្នាំ ២០១១ ដើម្បីធ្វើសង្រ្គាមជាមួយក្រុមជីវពល al Shabaab ។
នៅពេលនោះ កងកម្លាំងសន្តិសុខកេនយ៉ា រងការរិះគន់យ៉ាងខ្លាំង ដោយសាធារណជន និងសារព័ត៌មានក្នុងស្រុក សម្រាប់ការឆ្លើយតបដ៏វឹកវរ និងគ្មានការសម្របសម្រួលរបស់ពួកគេ ចំពោះការសម្លាប់រង្គាលមួយនេះ ៕