អេស្ប៉ាញ៖ ប្រជាជនអេស្ប៉ាញរាប់ម៉ឺននាក់ បានតវ៉ានៅទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) ប្រឆាំងនឹងផែនការដែលអាចធ្វើទៅបាន ដោយនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសនេះ លោក Pedro Sanchez ក្នុងការផ្តល់ការលើកលែងទោសដល់ក្រុមផ្ដាច់ខ្លួនកាតាឡាន់ ដើម្បីរក្សាតំណែងរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតដែលលោកមិនបានទទួលជ័យជម្នះ។
ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងអភិរក្សនិយម គឺបក្សប្រជាជនអេស្ប៉ាញ (PP) បានការគ្រវីទង់ជាតិ និងធ្វើដំណើរមកពីទូទាំងប្រទេសអេស្ប៉ាញ ដើម្បីចូលរួមការជួបជុំនៅ ទីក្រុងម៉ាឌ្រីដ។ ក្រុមអាជ្ញាធរបានប៉ាន់ប្រមាណថា ទំហំហ្វូងមនុស្សទាំងនោះមានចំនួន៤០.០០០នាក់។
លោក Sanchez ដែលបានជាប់ឆ្នោតក្នុងលំដាប់ទីពីរ កាលពីខែកក្កដា អាចបន្តកាន់តំណែងរបស់ខ្លួនបន្តទៀត ប្រសិនបើលោកឈ្នះការគាំទ្រពីអតីតមេដឹកនាំក្រុមផ្ដាច់ខ្លួន កាតាឡាន់ ដែលបាននិរទេសខ្លួន គឺលោក Carles Puigdemont ដែលគណបក្សរបស់ក្រុមផ្ដាច់ខ្លួនមួយនេះ គ្រប់គ្រងអាសនៈចំនួនប្រាំពីរនៅក្នុងសភាផងដែរ៕

