ឯកឧត្តម អ៊ី ឈាន តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះប៉ៃលិន បានឲ្យដឹងថាស្តូបឈ្នះ ឈ្នះដែលបានកំពុងសាងសង់នាពេលនេះ គឺបានជិត ៧០ភាគរយហើយ ខណៈស្តូបនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តប៉ៃលិនឲ្យកាន់តែច្រើនបន្ថែមទៀប បន្ទាប់ពីសាងសង់រួចជាស្ថាពរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ឯកឧត្តមអ៊ី ឈាន បានឲ្យដឹងថា ស្តូប ឈ្នះ ឈ្នះ បានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ ហើយការសាង សង់ស្តូបនេះឡើង គឺមានគោលបំណង ឲ្យក្លាយជាមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ដើម្បីការអប់រំ តាំងពិព័រណ៍ តម្កល់ភស្តុតាងនានា ឯកសារ ខ្លឹមសារប្រវត្តិសាស្រ្តពិត ស្តីពីនយោបាយឈ្នះ ឈ្នះ អំពីរឿងរ៉ាវនៃវីរភាពរបស់វីរជនស្នេហាជាតិជាច្រើន ជាពិសេសប្រវត្តិសាស្រ្តរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាបិតាសន្តិភាពរបស់កម្ពុជាតែម្តង ដែលលោកបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនោះ។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ស្តូបឈ្នះ ឈ្នះ ប៉ៃលិននេះ ពេលសាងសង់រួចនឹង ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ សេដ្ឋកិច្ច សង្គម និងយុទ្ធសាស្ត្របន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា ស្តូបអុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះប៉ៃលិន មានទំហំផ្ទៃដី ៥៩ គុណនឹង៥៩ ម៉ែត្រ និងកម្ពស់ ៥០. ៩ ម៉ែត្រ,សាងសង់លើផ្ទៃដី ២៦០០០ ម៉ែត្រក្រឡា៕ អត្ថបទ៖ បាន ចក់








