នាយករដ្ឋមន្ត្រីនៃប្រជុំកោះសូឡូម៉ុង លោក Manasseh Sogavare កាលពីថ្ងៃសុក្រ (២២ កញ្ញា) បានរិះគន់ការបញ្ចោញទឹកកខ្វក់នុយក្លេអ៊ែររបស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រ ដោយពណ៌នាវិធានការនោះថា ជាការវាយប្រហារលើទំនុកចិត្ត និងសាមគ្គីភាពសកល។

លោក Sogavare បានប្រាប់កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិថា ប្រជុំកោះសូឡូម៉ុង ឈរជាមួយប្រជាជនកោះប៉ាស៊ីហ្វិកដែលមានគំនិតដូចគ្នា ហើយមានការភ័យខ្លាចចំពោះការសម្រេចរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរជាង១លានតោន ទៅក្នុងមហាសមុទ្រនេះ។
លោក Sogavare និយាយថា «យើងអំពាវនាវឱ្យប្រទេសជប៉ុន ស្វែងរកជម្រើសផ្សេងទៀតក្នុងការដោះស្រាយទឹកសំណល់នុយក្លេអ៊ែរដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ហើយបញ្ឈប់ជាបន្ទាន់នូវការបង្ហូរទឹកនោះទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រសិនបើយើងចង់កសាងទំនុកចិត្តឡើងវិញ និងធ្វើឱ្យមានសាមគ្គីភាពជាសាកល យើងត្រូវស្មោះត្រង់ និងផ្ដល់ទំនុកចិត្ត ក្នុងការការពារមហាសមុទ្ររបស់យើង ដែលញើសឈាមជីវិតរបស់ប្រជាជនយើង»។

គួររម្លឹកផងដែរថា ប្រទេសជប៉ុនកាល ពីថ្ងៃទី២៤ ខែសីហា បានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងខែមីនា ឆ្នាំ២០១១ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៩,០រ៉ិចទ័រ ដែលបានបង្កើតរលកយក្សស៊ូណាមិដ៏មានឥទ្ធិពល បណ្តាលឱ្យមនាការរលាយនៃម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ចំនួនបីគ្រឿងរបស់ខ្លួន ដែលជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ៕