នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol សម្រាប់ការនិយាយតិះទៀនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងមូស្គូ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់មេដឹកនាំលោក Kim Jong Un។ លោក Yoon បាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍កន្លងទៅនេះថា ប្រសិនបើរុស្ស៊ី ជួយប្រទេសកូរ៉េខាងជើង ធ្វើឲ្យប្រសើរឡើងកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរទៅនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន វានឹងជាការបង្ករឿងដោយផ្ទាល់។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថាប្រទេសកូរ៉េខាងជើងបានរិះគន់លោក Yoon សម្រាប់ការនិយាយបង្ខូចទម្លាក់កំហុសចំពោះកិច្ចសហប្រតិបត្តិការជាមិត្តភាពជាមួយប្រទេសរុស្ស៊ី និងបាននិយាថា លោក Yoon កំពុងបម្រើជាឧបករណ៍បំពងសំឡេងសម្រាប់សហរដ្ឋអាមេរិក។ សារព័ត៌មាននិយាយថា វាពិតជាធម្មជាតិនិងសម័ញ្ញសម្រាប់ប្រទេសជិតខាងដើម្បីរក្សាទំនាក់ទំនងជិតស្និតជាមួយគ្នា និងពុំមានហេតុផលដើម្បីចាត់ទុកការអនុវត្តន៍នេះជាសាច់រឿងនោះទេ។

លោក Kim បានវិលត្រឡប់មកដល់ប្រទេសវិញកាលពីសប្តាហ៍មុន ពីដំណើរទស្សនកិច្ចរយៈពេលវែងទៅកាន់ប្រទេសរុស្ស៊ី ដែលលោក និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងយោធា។
មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភ ថា រុស្ស៊ីអាចនឹងព្យាយាមទទួលបានគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើងចំពោះការផ្គត់ផ្គង់ស្តុកដែលថយចុះរបស់ខ្លួនសម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈទីក្រុងព្យុងយ៉ាង ស្វែងរកជំនួយបច្ចេកវិទ្យាសម្រាប់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន។ សកម្មភាពណាមួយដែលជួយដល់កម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង ត្រូវបានហាមឃាត់ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។