ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ក្រុមហ៊ុនផលិតអាហារប្រអប់ នៅប្រទេសជប៉ុនភាគឦសាន ត្រូវបានហាមឃាត់ ដោយអាជ្ញាធរសុខភាពសាធារណៈមិនឲ្យធ្វើប្រតិបត្តិការដោយសារតែ មានករណីពុលអាហាររាប់រយករណី បណ្តាលមកពីផលិតផលរបស់ខ្លួន។

Yoshidaya ជាក្រុមហ៊ុនផលិតអាហារប្រអប់ក្នុងតំបន់ ដែលត្រូវបានគេស្គាល់យ៉ាងសាម័ញ្ញថា Bento ជាភាសាជប៉ុន បានផ្អាកប្រតិបត្តិការដោយស្ម័គ្រចិត្ត ចាប់ផ្តើមពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីត្រូវបានហាមឃាត់ពីប្រតិបត្តិការកាលពីថ្ងៃសៅរ៍ដោយអាជ្ញាធរសុខភាពសាធារណៈ នៅក្នុងខេត្ត Aomori ។
មនុស្សជិត៣០០នាក់ មកពីខេត្តចំនួន ២៤ នៅក្នុងប្រទេសនេះ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនខេត្តនៅទូទាំងប្រទេសជប៉ុន បានរាយការណ៍ពីរោគសញ្ញា ដូចជា រាគ និងក្អួត បន្ទាប់ពីទទួលទានអាហារច្រកប្រអប់ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុង Hachinohe ខេត្ត Aomori ។
មន្ត្រីសុខភាពសាធារណៈ ក្នុងក្រុង Hachinohe និយាយថា ចំនួនអ្នកជំងឺអាចកើនឡើងបន្ថែមទៀត។
