
កងទ័ពជើងទឹកកូរ៉េខាងត្បូង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវា ៩គ្រឿងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចូលរួមសមយុទ្ធយោធានៅជិតតំបន់ឆ្នេរឧបទ្វីបកូរ៉េ ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទនេះ ដើម្បីតាមប្រម៉ាញ់នាវាមុជទឹកកូរ៉េខាងជើង ហើយនិងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ។
ពួកគេបន្តថា សមយុទ្ធយោធានេះ គឺជាឱកាសមួយសម្រាប់កងទ័ពជើងទឹកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីរារាំង និងឆ្លើយតបដោយមានប្រសិទ្ធិភាពចំពោះការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែរកើនឡើងរបស់កូរ៉េខាងជើង ។ នាវាដែលចូលរួមសមយុទ្ធយោធា រួមមានទាំងនាវាពិឃាត ដែលបំពាក់ដោយប្រព័ន្ធបាញ់ស្កាត់មីស៊ីល Aegis ។
កូរ៉េខាងជើង បានប្រឆាំងនឹងសមយុទ្ធយោធារួមគ្នានេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយពួកគេចាត់ទុកវាថាជាការត្រៀមខ្លួនសម្រាប់ការឈ្លានពាន និងសង្រ្គាមនុយក្លេអ៊ែរ ហើយពួកគេតែងតែបាញ់សាកល្បងមីស៊ីលបាលីស្ទិក ជាការឆ្លើយតបវិញ ។
ដោយឡែកនៅក្នុងខែនេះ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Unបានដាក់ឲ្យប្រើប្រាស់នាវាមុជទឹកថ្មីដែលទំនងជារចនាឡើងសម្រាប់ការបាញ់មីស៊ីល ស្របពេលដែលលោកជំរុញផែនការបង្កើនសមត្ថភាពកងទ័ពជើងទឹក ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។
ទោះបីជាយ៉ាងណាក៏ដោយ យោធាកូរ៉េខាងត្បូង បង្ហាញភាពស្រពិចស្រពិលចំពោះសមត្ថភាពរបស់នាវាមុជទឹកថ្មីនេះ ៕