
នាយករដ្ឋមន្ត្រីកូសូវ៉ូ បានលើកឡើងថា កិច្ចចរចាដែលសម្របសម្រួលដោយសហភាពអឺរ៉ុប រវាងកូសូវ៉ូ និងស៊ែរប៊ី បានក្លាយជារឿងមិនយុត្តិធម៌ ដែលនាំឲ្យប្រទេសទាំង២ ឈានដល់ភាពទាល់ចក្រ ហើយការផ្លាស់ប្ដូរគំនិតឡើងវិញ គឺត្រូវការជាចាំបាច់លើរបៀប ដែលពួកគេអនុវត្ត។
ជាងមួយទសវត្សរ៍នៃកិច្ចប្រឹងប្រែងសម្រុះសម្រួលដឹកនាំដោយសហភាពអ៊ឺរ៉ុប ដែលថ្មីៗនេះភាគច្រើន នៅប្រទេសម៉ុលដូវ៉ានិងទីក្រុងប្រ៊ុចសែលរបស់ប្រទេសបែលហ្ស៊ិក បានបរាជ័យក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំង២ ហើយទីក្រុងបែលក្រាដនៅតែបដិសេធមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូ ដែលបានប្រកាសក្នុងឆ្នាំ២០០៨ ក្រោមគំនិតគាំទ្រដោយអង្គការសហប្រជាជាតិ។
កាលពីថ្ងៃអាទិត្យ (ទី២៤ ខែកញ្ញា) ចុងសប្ដាហ៍កន្លងមក ភាពតានតឹងបានកើនឡើងម្តងទៀត បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបានសម្លាប់មន្ត្រីនគរបាលម្នាក់ នៅភាគខាងជើងកូសូវ៉ូ ហើយក្រោយមកនគរនបាលបានប៉ះទង្គិចជាមួយនឹងខ្មាន់កាំភ្លើងជាច្រើននាក់ ដែលបានលាក់ខ្លួននៅក្នុងសហគមន៍សាសនាមួយ។ នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនវាយប្រហារយ៉ាងហោចណាស់ ៣នាក់ ត្រូវបានសម្លាប់ និងម្នាក់ត្រូវបានចាប់ខ្លួន នៅក្នុងហេតុការណ៍ ដែលរាប់ថា ជាការកើនឡើងនៃការប៉ះទង្គិចដ៏ធ្ងន់ធ្ងរបំផុតមួយ នៅកូសូវ៉ូ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
មុនពេលមានអំពើហិង្សា កាលពីចុងសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រីកូសូវ៉ូលោក Albin Kurti នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន «The Guardian» បានប្រាប់ថា ការបន្តអស្ថិរភាពបានធ្វើឲ្យតំបន់នេះ ក្លាយជា «ទីកន្លែងសម្រាប់លេងល្បែងភូមិសាស្ត្រនយោបាយរបស់សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិន»។ លោកបានពណ៌នាអំពីកិច្ចប្រជុំចុងក្រោយបំផុតនៅថ្ងៃទី១៤ ខែកញ្ញា ជាមួយប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ថា ជាជម្លោះមួយ ហើយបាននិយាយថា បេសកជនពិសេសរបស់សហភាពអឺរ៉ុប គឺលោក Miroslav Lajcak បាន «បាត់បង់អព្យាក្រឹតភាព»៕