ហ្វីលីពីន៖ ហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ថា ខ្លួនបានអនុវត្ត «ប្រតិបត្តិការពិសេស» ដើម្បីដករបាំងបណ្តែត ដែលដំឡើងដោយប្រទេសចិន នៅតំបន់នេសាទដ៏សំខាន់មួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយអាចបង្កឱ្យមានភាពតានតឹងបន្ថែមទៀត បន្ទាប់ពីភាពតានតឹងរយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់ដែនទឹកដែលមានជម្លោះ របស់អាស៊ីមួយនេះ។
ប្រទេសហ្វីលីពីន បានសម្តែងការខឹងសម្បារកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) និងបានចែករំលែករូបភាពនៃនគរបាលឆ្មាំល្បាតឆ្នេររបស់ចិន ដែលដាក់របាំងពោងបណ្ដែតទឹកដ៏វែងមួយនៅជិតតំបន់សមុទ្រ Scarborough ដែលជាផ្ទាំងថ្មប៉ប្រះទឹកមានចម្ងាយ ២០០គីឡូម៉ែត្រ ពីប្រទេសហ្វីលីពីន និងជាកន្លែងដែលមានជម្លោះអស់រយៈពេលជាច្រើនឆ្នាំជុំវិញអធិបតេយ្យភាព និងសិទ្ធិនេសាទ។
ប៉ុន្មានម៉ោងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិបានប្តេជ្ញាថានឹងចាត់វិធានការ ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ខ្លួនបានដកខ្សែពួរអណ្តែតទឹកនោះចេញ តាមការបញ្ជារបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងក្រុមការងារពិសេសរបស់លោក នៅសមុទ្រចិនខាងត្បូង។
វីដេអូមិនមានកាលបរិច្ឆេទ ដែលបានផ្សព្វផ្សាយដោយឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្ហាញពីបុគ្គលិករបស់ខ្លួនម្នាក់បានកាត់ខ្សែពួរ ដែលចងភ្ជាប់របាំងអណ្តែតទឹក ហើយដកយុថ្ការបស់ពោងបណ្ដែតទាំងនោះចេញផងដែរ។
តំបន់សមុទ្រយុទ្ធសាស្ត្រ Scarborough ដែលដាក់ឈ្មោះតាមនាវាដឹកទំនិញរបស់អង់គ្លេស ដែលបានជាប់នៅទីនោះកាលពីសតវត្សទី១៨ ត្រូវបានរឹបអូសក្នុងឆ្នាំ២០១២ ដោយប្រទេសចិន ដែលបានរក្សាវត្តមានជាប្រចាំនៃឆ្មាំល្បាតឆ្នេរ និងទូកនេសាទរបស់ខ្លួន នៅតំបន់នោះចាប់តាំងពីពេលនោះមក៕


