ប្រទេសកូរ៉េខាងត្បូងនឹងធ្វើព្យុហយាត្រាយោធាធំបំផុតមិនធ្លាប់មានលើកដំបូងរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំ នៅថ្ងៃអង្គារទី២៦ខែកញ្ញា នេះ ដោយមានអាវុធ ចាប់ពីមីស៊ីលបាលីស្ទីក រហូតដល់ឧទ្ទម្ភាចក្រវាយប្រហារទូទាំងទីក្រុងសេអ៊ូល ជាការបង្ហាញកម្លាំង ខណៈខ្លួនប្រកាន់ជំហរកាន់តែខ្លាំងប្រឆាំងប្រទេសកូរ៉េខាងជើង។

ព្រឹតិ្តការណ៍នេះ កើតឡើងខណៈលោកប្រធានាធិបតីកូរ៉េខាងត្បូង យ៉ុន សុកយ៉ូល ( Yoon Suk Yeol) បានប្រកាន់ជំហរដ៏រឹងមាំប្រឆាំងកូរ៉េខាងជើង ដែលជាការបង្ហាញសមយុទ្ធអាវុធនិងយោធាដ៏មានអំណាចនៃយុទ្ធសាស្ត្ររបស់លោកក្នុងការទប់ទល់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។
ក្បួនព្យុហយាត្រានេះ ប្រារព្ធដល់ទិវាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ដែលធម្មតា ជាព្រឹត្តិការណ៍ស្ងៀមស្ងាត់ ខុសពីព្រឹត្តិការណ៍ដ៏ធំគគ្រឹកគគ្រេងរបស់កូរ៉េខាងជើងក្រោមការដឹកនាំរបស់លោក Kim Jong Un ដែលរួមទាំង អាវុធយុទ្ធសាស្ត្រ ដូចជាមីស៊ីល្ទីកអន្តរទ្វីប (ICBM)។
ក្រសួងការពារជាតិនិយាយថា ព្រឹត្តិការណ៍ពេញមួយថ្ងៃនៅក្នុងទីក្រុងសេអ៊ូល នឹងមានការចូលរួមពីទាហានរាប់ពាន់នាក់ និងរថក្រោះផលិតក្នុងស្រុករបស់កូរ៉េខាងត្បូង និងកាំភ្លើងធំ ព្រមទាំងយន្តហោះវាយប្រហារ និងយានដ្រូន ដែលត្រូវបានចូលរួមដោយទាហាន៣០០នាក់ ក្នុងចំណោមទាហានអាមេរិក២៨.៥០០នាក់ ដែលតាំងមូលដ្ឋាននៅក្នុងប្រទេសនេះ ។
ការបង្ហាញនេះ មានក្បួនព្យុហយាត្រាចម្ងាយ២គីឡួម៉ែត្រឆ្លងកាត់ស្រុកពាណិជ្ជកម្មនិងធុរកិច្ចសំខាន់របស់ក្រុងសេអ៊ូល រហូតដល់តំបន់ ក្វាងវ៉ាម៉ុន (Gwanghwamun) ដែលជាមាត់ច្រកទៅកាន់វិមានដ៏ធំស្កឹមស្កៃនៅកណ្ដាលទីក្រុងសេអ៊ូល។
គួររម្លឹកថា កូរ៉េខាងត្បូង បានរៀបចំក្បួនព្យុហយាត្រាយោធាតាមផ្លូវចុងក្រោយកាលពីឆ្នាំ២០១៣៕
