ប្រភពសន្តិសុខពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា កងកម្លាំងសន្តិសុខរបស់ប្រទេសលីបង់ បានចាប់ខ្លួនយ៉ាងហោចណាស់មនុស្សម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារទៅលើស្ថានទូតអាមេរិក កាលពីសប្តាហ៍មុន ។

ប្រភពសន្តិសុខមួយ បាននិយាយថា បុគ្គលនោះ ជាបុរសជនជាតិលីបង់។ ប្រភពសន្តិសុខទី២ បាននិយាយថា គ្រាប់រំសេវដែលគាត់មានក្នុងដៃ ក៏ត្រូវបានរឹបអូសផងដែរ ។
ការបាញ់ប្រហារដែលមិនបណ្តាលឲ្យមានអ្នករងរបួសនោះ បានកើតឡើង កាលពីល្ងាចថ្ងៃពុធកន្លងទៅ នៅជិតស្ថានទូតអាមេរិក ដែលមានសុវត្ថិភាពខ្ពស់ ភាគខាងជើងនៃទីក្រុងបេរូត (Beirut) ក្នុងទីក្រុង អាវកា (Awkar )។ ឧប្បត្តិហេតុសន្តិសុខនៅជុំវិញកន្លែងនេះ គឺកម្រកើតមានណាស់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ លោកស្រី ដូរ៉ូធី ស៊ា ( Dorothy Shea) បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា ស្ថានទូតមិនមានការភិតភ័យចំពោះឧប្បត្តិហេតុនេះទេ។
