នៅថ្ងៃអង្គារ (២៦ កញ្ញា) នេះ ប្រទេសកូរ៉េខាងត្បូង បានធ្វើជាម្ចាស់ផ្ទះទទួលអ្នកការទូតជាន់ខ្ពស់មកពីប្រទេសចិន និងជប៉ុន សម្រាប់កិច្ចប្រជុំត្រីភាគីដ៏កម្រមួយ ដែលត្រូវបានគេមើលឃើញថា មានគោលបំណងធានាផ្ដល់ទំនុកចិត្តនូវការព្រួយបារម្ភរបស់ទីក្រុងប៉េកាំង ចំពោះការរឹតបន្តឹងកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តទាំងពីររវាងខ្លួន និងទីក្រុងវ៉ាស៊ីនតោន។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆុង យ៉ុងវ៉ុន (Chung Byung-won) បានស្វាគមន៍អនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់ជប៉ុន លោក តាកេហីរ៉ូ ហ្វ៊ូណាកូស៊ី (Takehiro Funakoshi) និងលោក នុង យ៉ុង (Nong Rong) ជំនួយការរដ្ឋមន្ត្រីការបរទេសចិន ខណៈដែលបណ្ដាអ្នកការទូតទាំងនោះដើរចូលទៅក្នុងបន្ទប់ប្រជុំ។ អ្នកទាំងបីបានចាប់ដៃគ្នាដើម្បីបង្ហាញមុខអ្នកសារព័ត៌មាន មុនពេលអង្គុយជាមួយគណៈប្រតិភូសម្រាប់ការពិភាក្សារបស់ពួកគេ។
កិច្ចប្រជុំនេះមានគោលបំណងមួយផ្នែក ដើម្បីកំណត់ដំណាក់កាលសម្រាប់ការបន្តនៃកិច្ចប្រជុំកំពូលបីភាគី រវាងមេដឹកនាំប្រទេស ដែលបានធ្វើឡើងចុងក្រោយក្នុងឆ្នាំ២០១៩។ កិច្ចពិភាក្សាទាំងនោះ ត្រូវបានផ្អាកស្របពេលមានជម្លោះផ្លូវច្បាប់ ការទូត និងពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ជុំវិញបញ្ហានៃ ការកាន់កាប់របស់ជប៉ុនលើកូរ៉េ ក្នុងអំឡុងឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូបបាននិយាយថា ប្រទេសចិនបានសកម្មក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការត្រីភាគី និងរៀបចំកិច្ចប្រជុំ ចាប់តាំងពីទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំងមានភាពរង្គោះរង្គើក្នុងឆ្នាំ២០១៧ ជុំវិញការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូងមក៕
