
ប្រធានក្លិបបាល់ទាត់ Tigres FC ដែលលេងនៅលីគលំដាប់ទី២ របស់ប្រទេសកូឡុំប៊ី លោក Edgar Paez ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីក្រុមរបស់លោកបានរងការបរាជ័យ ក្នុងការប្រកួត កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។ នេះបើតាមការប្រកាសឲ្យដឹងពីក្លិប។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បុរសវ័យ ៦៣ឆ្នាំរូបនេះ កំពុងវិលត្រឡប់ទៅផ្ទះវិញ ដោយឡានជាមួយកូនស្រីរបស់លោក បន្ទាប់ពីចប់ការប្រកួត ដែលក្រុមរបស់លោក បានចាញ់ក្រុម Atletico FC ៣-២ នៅពេលដែលរូបលោកត្រូវបានបាញ់សម្លាប់ដោយបុរសជិះម៉ូតូ ២នាក់ នៅក្បែរកីឡដ្ឋាន។
កូនស្រីរបស់លោក បានរត់គេចខ្លួនដោយមិនមានរបួសស្នាមអ្វីឡើយ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតលើករណីឃាតកម្មនេះ៕
ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្រុមគ្រួសារនៃក្លិបបាល់ទាត់ Tigres និងសហគមន៍កីឡា ត្រូវបានធ្វើឲ្យភ័យរន្ធត់ ដោយសារហេតុការណ៍នេះ»៕