ក្រុមកីឡាគ្រិកឃីតជម្រើសជាតិកម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្របពេលប្រភេទកីឡាផ្សេងៗ ហាក់មិនទាន់គាប់ប្រសើរនៅឡើយ ដូចជាកីឡាហែលទឹក តេក្វាន់ដូ និងបាល់បោះជាដើម ។
សម្រាប់ក្រុមគ្រិកឃីតកម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមជប៉ុន និងហុងកុង ខណៈប្រកួតបើកឆាកនារសៀលនេះ កម្ពុជាត្រូវជួបជប៉ុនមុនគេ មុនជួបក្រុមហុងកុង នាថ្ងៃទី២៩ ខែកញ្ញា ។ វិញ្ញាសាគ្រិកឃីតបុរសនេះ គឺបែងចែកជា ៣ពូល ដើម្បីចម្រាញ់រកក្រុមលេខ១ នៃពូលនីមួយៗ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដែលមានក្រុមខ្លាំង ៥ ទៀត កំពុងឈរចាំ រួមមានឥណ្ឌា ប៉ាគីស្ថាន ស្រីលង្ការ បង់ក្លាដែស និងអាហ្វហ្គានីស្ថាន ។

ក្រឡេកទៅចាប់អារម្មណ៍កីឡាផ្សេងៗ ដែលចាប់ផ្ដើមការប្រកួតមុន មកទល់ពេលនេះ ពុំទាន់មានអត្តពលិកណាធ្វើបានល្អនោះទេ ជាក់ស្ដែងកាលពីម្សិលមិញ ក្រុមបាល់បោះកម្ពុជា បន្ដចាញ់ក្រុមកាហ្សាក់ស្ថាន ២១-១៣ពិន្ទុ ក្នុងពូលD មុនបន្ដជួបក្រុមគៀហ្ស៊ីគីស្ថាន នៅរាត្រីថ្ងៃពុធនេះ ។ រីឯកីឡាការិនីតេក្វាន់ដូ WT ឈឿង អាលីហ្សា និង ម៉ម ជូលី ក៏បានធ្លាក់ត្រឹមវគ្គជម្រុះដែរ ។
ចំណែកកីឡាករទូកក្ដោង ៣រូប បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៣ថ្ងៃកន្លងមក កីឡាករ កែវ ភារុណ កំពុងឈរលេខ៥/៦ ខណៈកីឡាករ កែវ ភានុន ឈរលេខ៨/៩ និងកីឡាករ ញ៉ូវ ចាន់ ឈរលេខ១២/១៣ ជាបណ្ដោះអាសន្ននៅឡើយ មុនបន្ដការប្រកួតសន្សំពិន្ទុ នៅថ្ងៃទី២៧ ខែកញ្ញា តាមវិញ្ញាសារៀងៗខ្លួនទៀត ។
គួរដឹងថា មកទល់ពេលនេះ ក្នុងចំណោមអត្តពលិក ១៧ប្រភេទកីឡា ដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតកីឡាអាស៊ី នៅទីក្រុង Hangzhou គឺមាន ២ប្រភេទកីឡា បានបញ្ចប់ភារកិច្ចរបស់ខ្លួន រួមមានក្រុមបាល់ទះ និងកីឡាយូដូ ។ រីឯកីឡា ២ប្រភេទទៀត នឹងបញ្ចប់ការប្រកួតរបស់ខ្លួនថ្ងៃនេះ ប្រសិនបើពុំមានអត្តពលិករបស់ខ្លួនឡើងវគ្គបន្ដ គឺកីឡាតេក្វាន់ដូ ដែលសល់កីឡាករ វ៉ា មិថុនា ត្រូវប្រកួតជម្រុះជាមួយកីឡាករឥណ្ឌូនេស៊ី Tyagi Shivansh និងកីឡាការិនីហែលទឹក ២រូប ត្រូវប្រកួតជម្រុះ នៅថ្ងៃពុធនេះ ៕ អត្ថបទ លី ឈុនឡា
