ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅអង្គការសហប្រជាជាតិលោក Omar Hilale បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមមេដឹកនាំពិភពលោកសម្រាប់ការគំាទ្ររបស់ពួកគេ បន្ទាប់ពីគ្រោះរញ្ជួយដីបានអង្រួនប្រទេសរបស់លោកកាលពីដើមខែនេះ ។
នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក លោក Hilale និយាយថា អនុញ្ញាតឲ្យខ្ញុំបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅ ហើយនិងការកើតសរសើររបស់រាជាណាចក្រម៉ារ៉ុក ។

លោកបន្តថា ម៉ារ៉ុក បានប្រឈមផលប៉ះពាល់ខ្លាំងដោយសារការរញ្ជួយដីមួយនេះ ដែលបានសម្លាប់មនុស្សជាង ៣ពាន់នាក់ ហើយនិងធ្វើឲ្យមនុស្សជាង ៥.៧០០នាក់ផ្សេងទៀត រងរបួស ។ វានាំឲ្យមានការខាតប់ងសម្ភារៈដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។
នៅក្នុងសុន្ទរកថានេះដែរ លោក Hilale បានថ្កោលទោសប្រទេសជិតខាងអាល់ហ៊្សេរី ពាក់ព័ន្ធនឹងស្ថានភាពជម្លោះនៅតំបន់សាហារ៉ាខាងលិច ។
ប្រទេសអាល់ហ៊្សេរី បានផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ារ៉ុក កាលពីរយៈពេល ២ឆ្នាំមុន ដោយសារជម្លោះនៅតំបន់ជួរមុខ Polisario ដែលព្យាយាមស្វែងរកឯករាជ្យពីម៉ារ៉ុក ។
លោកនិយាយថា ពួកយើងនៅតែតាមដានស្ថានការនយោបាយសម្រាប់ជម្លោះក្នុងតំបន់បង្កើតថ្មីនៅតំបន់សាហារ៉ារបស់ម៉ារ៉ុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ ស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងនៅទូទាំងទ្វីបអាហ្វ្រិក ។
លោកនិយាយទៀតថា អាល់ហ៊្សេរី ដែលជាប្រទេសម្ចាស់ផ្ទះ ផ្ទេរសិទ្ធិអំណាចរបស់ខ្លួនដោយខុសច្បាប់ដល់ក្រុមប្រដាប់អាវុធផ្តាច់ខ្លួន ដែលមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋករ និងបណ្តាញភេរវកម្ម ។ ភាពច្របូកច្របល់មួយនេះ ត្រូវការចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ។
សូបញ្ជាក់ថា បញ្ហានៅតំបន់សាហារ៉ាខាងលិច ស្ថិតនៅកណ្តាលជម្លោះកើនឡើងរវាងម៉ារ៉ុក និងអាល់ហ៊្សេរី ដែលព្រំដែនរបស់ពួកគេ បានបិទ ចាប់តាំងពីឆ្នាំ ១៩៩៤រហូតមក ៕
