បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero បានយល់ព្រមចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយនឹងតម្លៃផ្តាច់កុងត្រា ១០០លានអឺរ៉ូក្នុងការផ្លាស់ពី Manchester City ទៅកាន់ Barcelona បន្ទាប់ពីកិច្ចសន្យាអស់សុពលភាពជាមួយក្លិបអង់គ្លេស។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបានចាកចេញពី Manchester City ក្រោយចំណាយពេល ១០ឆ្នាំ និងបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រក្លិបផងដែរសរុប ២៦០គ្រាប់ក្នុងការបង្ហាញខ្លួន ៣៩០ប្រកួត។ Aguero បង្ហាញខ្លួនចុងក្រោយបំផុតអោយ Manchester City ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Chelsea តែជាកីឡាករបម្រុងផ្លាស់ប្តូរចូល។ Sergio Aguero បានហៅការផ្លាស់មកកាន់ Barcelona នេះជាការសំរេចចិត្តដ៏ត្រឹមត្រូវមួយ ក្នុងការចូលរួមជាមួយក្លិបកំពូលនៅលើលោក។
រំលឹកថា ក្នុងរយៈពេល ១០ឆ្នាំជាមួយ Manchester City ក្រៅពីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនគេ Sergio Aguero បានឈ្នះពានសំខាន់ៗ ១៥ ជាមួយក្លិបរួមមាន English Premier League ៥លើក, FA Cup ១លើក, League Cup ៦លើក និង Community Shield ៣លើក៕
អត្ថបទ៖នាង សុភាវុធ