
មេដឹកនាំគណបក្សប្រឆាំងអភិរក្សនិយមអេស្ប៉ាញលោក Alberto Nunez Feijoo កាលពីថ្ងៃអង្គារម្សិលមិញ បានព្យាយាមទំនងជាពុំទទួលបានផ្លែផ្កាដើម្បីបង្កើតរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅដែលគ្មានគណបក្សណាឈ្នះសំឡេងភាគច្រើន ។
គណបក្សប្រជាជន(PP) របស់លោក Feijoo បានឈ្នះអាសនៈច្រើនជាងគេនៅការបោះឆ្នោត ប៉ុន្តែមកទល់នឹងពេលនេះ នៅមិនទាន់ប្រមូលសំឡេងបានគ្រប់គ្រាន់សម្រាប់សំឡេងភាគច្រើននៅក្នុងសភានោះទេ បើទោះបីជាមានការគាំទ្រពីគណបក្សនិយមស្តាំ Vox ក៏ដោយ ។
ដោយមានឱកាសតិចតួចក្នុងការបង្កើតរដ្ឋាភិបាល លោក Feijoo បានប្រើប្រាស់ការជជែកដេញដោលដើម្បីវាយប្រហារលើលោក Sanchez ដែលមានឱកាសពិតប្រាកដច្រើនជាង ប៉ុន្តែលុះត្រាតែមានការគាំទ្រពីគណបក្សផ្តាច់ខ្លួន Junts per Catalunya នៅតំបន់ Catalonia ដែលស្វែងរកការលើកលែងទោសដ៏ជម្លោះសម្រាប់មេដឹកនាំ Carles Puigdemont របស់ពួកគេ និងមេដឹកនាំគាំទ្រឯករាជ្យផ្សេងទៀត ហើយនិងសកម្មជនដែលជាប់ពាក់ព័ន្ធនឹងការព្យាយាមកាលពីឆ្នាំ ២០១៧ ដើម្បីផ្តាច់តំបន់ Catalonia ចេញពីប្រទេសអេស្ប៉ាញ ។
លោក Feijoo និយាយនៅក្នុងសុន្ទរកថា លោកអាចដណ្តើមបានកិច្ចព្រមព្រៀងជាមួយគណបក្ស Junts ដើម្បីក្លាយជានាយករដ្ឋមន្រ្តី ប៉ុន្តែលោកមិនចង់តបស្នងតម្លៃដែលពួកគេទាមទារនោះទេ ៕