
ទូរទស្សន៍ក្នុងស្រុក VTV របស់វៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាមភាគកណ្តាល បានរងការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅថ្ងៃពុធ (ទី២៧ ខែកញ្ញា) ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ជាប់ទៅណាមិនរួច ដោយគ្មានអាហារ ទឹកស្អាត និងអគ្គិសនី។
ទូរទស្សន៍ VTV បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង បាននាំឲ្យកម្ពស់ទឹក ក្នុងខេត្ត Ha Tinh ឡើងខ្លាំងយ៉ាងឆាប់រហ័ស ដោយបង្ខំឲ្យប្រជាជនជម្លៀសចេញផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ខណៈដែលទំនប់វារីអគ្គិសនីក្នុងខេត្ត Nghe An បានដំណើរការនីតិវិធីគ្រាអាសន្ន ដើម្បីរំដោះទឹក ដែលធ្វើអោយទឹកជំនន់កាន់តែអាក្រក់ទៅៗ នៅតាមទីប្រជុំជនតំបន់ខាងក្រោម។
ជាមួយគ្នានេះ បុរសម្នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន បន្ទាប់ពីបានចេញទៅនេសាទនៅជិតច្រាំងទន្លេ ខណៈរហូតមកដល់ពេលនេះ មិនមានរបាយការណ៍ថា មានអ្នកស្លាប់ ឬរបួសទេ។
មានការព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងពីតំបន់ត្រូពិច នឹងបន្តនៅក្នុងតំបន់នេះរហូតដល់ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) ជាមួយនឹងកម្រិតទឹកឡើងដល់ ២៥០មីលីម៉ែត្រ។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ធនធានឧតុនិយម៕


