អាមេរិក៖ អង្គការមិនស្វែងរកប្រាក់ចំណេញ Conference Board ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ បានធ្លាក់ចុះនៅក្នុងខែកញ្ញានេះ រយៈពេលពីរខែជាប់ៗគ្នា។
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់ Conference Board បានចុះបញ្ជី១០៣,០ នៅក្នុងខែកញ្ញាពី អំណានដែលបានកែប្រែ ឡើងដល់ ១០៨,៧ កាលពីមួយខែមុន។
យោងតាមទិន្នន័យនេះ សន្ទស្សន៍នេះគឺនៅកម្រិតទាបបំផុតទីពីររបស់ខ្លួននៅឆ្នាំនេះ ដោយបានធ្លាក់ចុះលើអំណាន១០២,៥ សម្រាប់ខែឧសភា។
ទិន្នន័យបង្ហាញថាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ព្រួយបារម្ភអំពីការកើនឡើងតម្លៃជាទូទៅ ជាពិសេសគ្រឿងទេស និងតម្លៃសាំង។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភ ផងដែរ អំពីស្ថានភាពនយោបាយក្នុងស្រុក និងអត្រាការប្រាក់ខ្ពស់។
អតិផរណា និងការដំឡើងការប្រាក់ ដែលនៅតែបន្ត នាំឲ្យមានការកើនឡើងតម្លៃនៃការរស់នៅ និងការសន្សំប្រាក់របស់ប្រជាពលរដ្ឋអាមេរិកមានការថយចុះ។
ការស្ទង់មតិរបស់ធនាគារកណ្តាលអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបង្ហាញថាប្រហែល ៦៧%នៃអ្នកឆ្លើយតបនិយាយថាតម្លៃនៃការរស់នៅគឺលើសពីកំណើនប្រាក់ចំណូលរបស់ពួកគេ។
ជាមួយគ្នានេះដែរ របាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទបាននិយាយថា ៨០%នៃគ្រួសារអាមេរិក ឥឡូវនេះបានអស់ប្រាក់សន្សំបន្ថែម និងនៅសល់សាច់ប្រាក់តិច មិនដូចកាលពីមុនអំឡុងការរាតត្បាតវីរុស COVID-19 ។ ក្រុមអ្នកវិភាគបានព្រមានថាការសន្សំធ្លាក់ចុះអាចប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕

