ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវប្រទេសចិន រកបានក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយបណ្តើៗហើយ ខណៈម្ចាស់ផ្ទះចិន និងបងប្អូនកូរ៉េទាំងពីរសុទ្ធតែកក់កៅអីវគ្គបន្ត។
គូដំបូងនេះ ក្រុមម្ចាស់ផ្ទះចិនបានយកឈ្នះក្រុមកាតា ១-០ ដោយគ្រាប់បាល់របស់ Tao Qianglong តាំងពីនាទីទី ៣ និងមិនមានគ្រាប់បន្ថែមឡើយ តែវគ្គទី ២ ក្រុមទាំងពីរមានការប៉ះទង្គិចគ្នាមុនចប់ការប្រកួត។

ម៉ោងដំណាល់គ្នាដែរ ហុងកុងក៏បានបន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយដែរក្រោយយកឈ្នះប៉ាឡេស្ទីន ១-០ ដូចគ្នា ដោយគ្រាប់បាល់របស់ Matthew Orr នៅនាទីទី ៤៨។
ងាកមកក្រុមការពារមេដាយមាសកូរ៉េ មិនមានឧបសគ្គធំដុំឡើយនៅពេលជួបជាមួយគីជីស្ថាន ក្រោយយកឈ្នះលទ្ធផលធំធេង ៥-១។
ពីរគ្រាប់នាំមុខរបស់កូរ៉េកើតឡើងតាំងពី ២ ដំបូងមុនពេលដែលគីជីស្ថានតបបានមួយគ្រាប់វិញ តែកូរ៉េក៏បន្ថែមការនាំមុខ ៣ គ្រាប់ទៀតនៅវគ្គទី ២។
គូបន្តទៀតនេះ អ៊ីរ៉ង់ទំលាកថៃជាមួយនឹងជ័យជំនះ ២-០ ខណៈដែលកូរ៉េខាងជើងបន្តជ័យជំនះទី ៤ របស់ខ្លួននៅកីឡាអាស៊ីឆ្នាំនេះក្រោយយកឈ្នះបារ៉ែន ២-០ ផងដែរ។
វគ្គ ១៦ ក្រុមចុងក្រោយនឹងត្រូវប្រកួតបន្តទៀតថ្ងៃនេះ តែវគ្គ ៨ ក្រុមចុងក្រោយបានគូជួបគ្នាខ្លះដែររួមមានចិន ត្រូវជួបក្រុមការពារមេដាយកូរ៉េ អ៊ីរ៉ង់ជួបហុងកុង ខណៈកូរ៉េខាងជើងរង់ចាំជួបអ្នកឈ្នះរវាងជប៉ុន និងមីយ៉ាន់ម៉ា៕ អត្ថបទ៖នាង សុភាវុធ