អត្តពលិកកម្ពុជា ៥ប្រភេទកីឡា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដោយពុំទទួលបានមេដាយនោះទេ រួមមានកីឡាហែលទឹក, តេក្វាន់ដូ WT, យូដូ, គុនដាវ និងកីឡាបាល់ទះបុរសក្នុងសាល ។ រីឯក្រុមបាល់បោះកម្ពុជា បានស្គាល់ជ័យជម្នះលើកដំបូងក្នុងពូលD ក្រោយយកឈ្នះក្រុមគៀហ្ស៊ីគីស្ថាន ១៧-១៥ពិន្ទុ កាលពីម្សិលមិញ ។
សម្រាប់កីឡាហែលទឹក បានបញ្ចូនអត្តពលិក ៤រូបចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ ហើយកីឡាការិនី ២នាក់ចុងក្រោយ ដែលបានប្រកួតពីម្សិលមិញ គឺកីឡាការិនី ឃឺន ច័ន្ទចរិយា ប្រកួតវិញ្ញាសាហែលផ្ងារ ១០០ម៉ែត្រ ឈរលេខ៨ ក្នុងស៊េរី ប្រើថិរវេលា ១នាទី និង ១០.១០វិនាទី និងកីឡាការិនី សុខ វរល័ក្ខណ វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ឈរលេខ៧ ក្នុងស៊េរី ប្រើថិរវេលា ១នាទី និង ១៥.៧៤វិនាទី ពុំបានឡើងវគ្គបន្ដឡើយ ។
ចំណែកកីឡាតេក្វាន់ដូវិញ អត្តពលិកចុងក្រោយរបស់ខ្លួន គឺកីឡាករ វ៉ា មិថុនា បានប្រកួតចាញ់កីឡាករនេប៉ាល់ Baral Abhishek ទាំងប្រផិតប្រផើយ បន្ទាប់ពីស្មើពិន្ទុគ្នា ៣-៣ពិន្ទុ ក្នុងទឹកទី១ តែសោកស្ដាយទឹកទី២ មិថុនា បានចាញ់ ៥-៨ពិន្ទុ នាំឲ្យអតីតម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ រូបនេះ អស់ឱកាសឡើងវគ្គបន្ដ ដូចមិត្តរួមជាតិ ៤រូបផ្សេងទៀតដែរ ។ រីឯក្រុមអត្តពលិកកីឡាគុនដាវ យូដូ និងបាល់ទះបុរសក្នុងសាល សុទ្ធតែបានធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា ។
ដោយឡែកក្រុមបាល់បោះជម្រើសជាតិកម្ពុជា លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់វិញ បន្ទាប់ពីរងបរាជ័យ ២ប្រកួតផ្ទួនៗ ក្រោមថ្វីដៃក្រុមជម្រើសជាតិថៃ និងកាហ្សាក់ស្ថាន កម្ពុជាបានស្គាល់ជ័យជម្នះលើកដំបូងលើក្រុមគៀហ្ស៊ីគីស្ថាន ក្នុងលទ្ធផល ១៧-១៥ពិន្ទុ មុនបន្ដប្រកួតបញ្ចប់ពូលD ជាមួយក្រុមខ្លាំងកាតា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែក។
រីឯវិញ្ញាសាកីឡាក្រុម ១ប្រភេទទៀត គឺកីឡាគ្រិកឃីត ដែលបានចាប់ផ្ដើមការប្រកួតដំបូងរបស់ខ្លួន កាលពីម្សិលមិញ បានចាញ់ក្រុមខ្លាំងជប៉ុន ទាំងប្រផិតប្រផើយ ដោយលទ្ធផល ១២៦-១២៥ពិន្ទុ ។ បរាជ័យនេះ នាំឲ្យក្រុមគ្រិកឃីតកម្ពុជា ត្រូវរង់ចាំអ៊ុតការប្រកួតចុងក្រោយ ជាមួយក្រុមហុងកុង និងជំនួបរវាងជប៉ុន និងហុងកុង ដើម្បីដឹងថា ក្រុមណានឹងឈរកំពូលតារាង ហើយបន្ដដំណើរទៅវគ្គ ៨ក្រុមចុងក្រោយ ។
គួរដឹងថា មកទល់ពេលនេះ កម្ពុជានៅសល់កីឡា ១២ប្រភេទទៀត នឹងត្រូវបន្ដការប្រកួត ខណៈនៅថ្ងៃទី២៨ ខែកញ្ញានេះ ពុំមានអត្តពលិកកម្ពុជាត្រូវធ្វើការប្រកួតនោះទេ៕ អត្ថបទ លី ឈុនឡា