កាលពីថ្ងៃពុធ (២៧ កញ្ញា) ក្រុមជនរងគ្រោះនៃរំលោភបំពានពីវិហារកាតូលិក និងអ្នកតស៊ូមតិ បានអំពាវនាវដល់សម្តេចប៉ាប ហ្វ្រង់ស៊ីស ឱ្យអនុវត្តច្បាប់ «គ្មានការអត់ឱន»" ប្រឆាំងនឹងការរំលោភបំពានផ្លូវភេទពីបព្វជិត បន្ទាប់ពីបានបញ្ចប់ធម្មយាត្រាតវ៉ារយៈពេលប្រាំមួយថ្ងៃ ទៅកាន់ទីក្រុងរ៉ូម ដោយកាន់ឈើឆ្កាងដ៏ធំមួយ។

មេធាវីអាមេរិក លោក Timothy Law សហស្ថាបនិកនៃអង្គការលុបបំបាត់ការរំលោភបំពានផ្លូវភេទពីបព្វជិត (ECA) បាននិយាយថា ក្បួនធម្មយាត្រានេះ បង្ហាញពីការប្តេជ្ញាចិត្តនៃអ្នកនៅរស់រានមានជីវិត ដើម្បីមកថ្លែងសាររបស់ពួកគេទៅកាន់សម្តេចប៉ាប ហ្វ្រង់ស៊ីស ដោយថាត្រូវតែមានច្បាប់ជាសកលនៃព្រះវិហារក្នុងការមិនអត់ឱនឱ្យជនល្មើសបំពានផ្លូវភេទពីបព្វជិតនោះទេ។
ការបំពានផ្លូវភេទ និងការបិទបាំងរឿងអាស្រូវ បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់វិហារកាតូលិក ហើយជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់សម្តេចប៉ាប ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងគោលបំណងរក្សាឋានានុក្រមសាសនាចក្រ ឱ្យកាន់តែមានទំនួលខុសត្រូវ ជាមួយនឹងលទ្ធផលចម្រុះ។
សម្តេចប៉ាប ហ្វ្រង់ស៊ីស បានមានបន្ទូលសន្យាថា «គ្មានការអត់ឱន» ទាក់ទងនឹងការរំលោភបំពានក្នុងព្រះវិហារ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា កំណែទម្រង់ និងគោលការណ៍ណែនាំរបស់សម្ដេចប៉ាប មិនទាន់បានសម្រេចគ្រប់គ្រាន់ទេ ហើយត្រូវបានអនុម័តមិនស្មើគ្នាដោយវិហារកាតូលិកជាតិជាច្រើនផងដែរ៕
