
កងកម្លាំងសន្តិសុខឥណ្ឌា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករនៅរដ្ឋម៉ានីពួរ ភាគខាងកើត ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ (២៧ កញ្ញា) អំឡុងពេលបាតុកម្មជុំវិញការសម្លាប់និស្សិតបាត់ខ្លួនពីរនាក់។
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី អ៊ីមផាល់ (Imphal) នៃរដ្ឋម៉ានីពួរ ដើម្បីតវ៉ានឹងការសម្លាប់នេះ បន្ទាប់ពីរូបថតសាកសពរបស់និស្សិតដេកនៅក្នុងព្រៃ បានលេចឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ។
ក្រុមបាតុករបានដើរឆ្ពោះទៅកាន់និវេសនដ្ឋានរបស់ប្រមុខរដ្ឋ មុនពេលត្រូវបានបំបែកដោយកងកម្លាំងសន្តិសុខ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បម្រាមគោចរត្រូវបានដាក់ក្នុងទីក្រុងនេះ ដើម្បីទប់ស្កាត់អំពើហិង្សា។
កាលពីដើមខែនេះ កងកម្លាំងសន្តិសុខបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបានបាញ់ព្រមាន ដើម្បីបំបែកហ្វូងមនុស្សប្រហែល៥០០នាក់ នៅក្នុងរដ្ឋដ៏តានតឹងរបស់ប្រទេសឥណ្ឌាមួយនេះ ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្ស២០នាក់ទៀតរងរបួស។
រដ្ឋម៉ានីពួរ ត្រូវបានរង្គោះរង្កើដោយអំពើហឹង្សាជនជាតិភាគតិច ចាប់តាំងពីខែឧសភាមក ហើយយ៉ាងហោចណាស់មនុស្ស១៨០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីសហគមន៍ជនជាតិភាគតិចម៉ីតី និងជនជាតិគូគី បានចាប់ផ្តើមប្រយុទ្ធគ្នាជុំវិញការចែករំលែកផលប្រយោជន៍សេដ្ឋកិច្ច និងបញ្ហាជាច្រើនផ្សេងទៀតផងដែរ៕